គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅស្រុកស្អាង ដោយរថយន្តម៉ាក Highlander បានបើកវ៉ាជែងដោយធ្វេសប្រហែស ហើយជ្រុលទៅបុកជាមួយរថយន្តម៉ាក Hyundai ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស ២នាក់រងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៩ សីហា ២០២៥ វេលាម៉ោង ១៨:៥៥នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក Highlander ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2BA 3600 បើកបរដោយឈ្មោះ ឡុង ស៊ុនលីម (ប្រុស, ៣១ឆ្នាំ) រួមដំណើរជាមួយឈ្មោះ ស្មោញ ឡុងហេង (ប្រុស, ៥៦ឆ្នាំ) បានបើកក្នុងទិសដៅពីជើងទៅត្បូង។ ពេលបើកមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្ត Highlander បានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតមកខាងឆ្វេងដៃដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាក Hyundai ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 3C 6330 ដែលកំពុងបើកបរបញ្ច្រាសទិសពីត្បូងទៅជើង។
គ្រោះថ្នាក់នេះបានបណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តម៉ាក Highlander រងរបួសស្រាល ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាត ក្នុងនោះរថយន្ត Highlander ខូចខាតធ្ងន់ និងរថយន្ត Hyundai ខូចខាតស្រាល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួមទាំងយកវត្ថុតាងរថយន្តទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ តាមការសន្និដ្ឋានបឋម ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្ត Highlander បើកបរវ៉ាជែងដោយមានការធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្ន។

