កណ្ដាល៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈអ្នករួមដំណើរប្រុសស្រី ២នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅក្រុងតាខ្មៅ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ៤:៤០នាទីទាបភ្លឺ នៅចំណុចភ្លើងស្តុបផ្លូវលេខ១១០ កែងផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ 1IX-319 បើកបរដោយឈ្មោះ ស៊ុយ វ៉េងហុង (ប្រុស, ២១ឆ្នាំ) បានស្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះរូបនេះមិនបានពាក់មួកសុវត្ថិភាពទេ។ អ្នករួមដំណើរ ២នាក់ទៀតរងរបួសធ្ងន់ គឺឈ្មោះ តឹន សំណាង (ប្រុស, ២២ឆ្នាំ) និងស្ត្រីម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ (ប្រហែល ២៤ឆ្នាំ) ដែលពួកគេទាំងពីរនាក់ក៏មិនបានពាក់មួកសុវត្ថិភាពដែរ។ ម៉ូតូនេះបានបើកក្នុងទិសដៅពីកើតទៅលិចនៅលើផ្លូវលេខ១១០។
លោកអធិការបានបន្តថា ភាគីខាងរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-2237 បើកបរដោយឈ្មោះ ផាត់ ឌីណា (ប្រុស, ៣៤ឆ្នាំ) មានកម្រិតជាតិអាល់កុលក្នុងខ្លួនខ្ពស់ដល់ទៅ ០,៧៤៨មីលីក្រាម ក្នុង ១លីត្រខ្យល់។ រថយន្តនេះបានបើកក្នុងទិសដៅពីជើងទៅត្បូងនៅលើផ្លូវជាតិលេខ២១។ ពេលមកដល់ចំណុចកើតហេតុដែលភ្លើងស្តុបមិនទាន់ដំណើរការ ម៉ូតូបានបើកឆ្លងកាត់ផ្លូវ ហើយក៏ជ្រុលទៅបុកជាមួយរថយន្ត Prius ចំទ្វារមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង។
ចំពោះជនរងរបួសធ្ងន់ទាំង ២នាក់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ។ រីឯសពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យជ័យជំនះ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ។ មធ្យោបាយពាក់ព័ន្ធទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ ជនសង្ស័យឈ្មោះ ផាត់ ឌីណា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធីច្បាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូឆ្លងកាត់ផ្លូវប្រសព្វបំបែកជាបួនខ្វះការប្រុងប្រយ័ត្ន។ ចំណែកអ្នកបើកបររថយន្តក៏បើកបរខ្វះការប្រុងប្រយ័ត្ន និងមានកម្រិតជាតិអាល់កុលខ្ពស់ ដែលតាមច្បាប់ចរាចរណ៍ផ្លូវគោក គឺត្រូវពិន័យជាប្រាក់ចំនួន ២លានរៀល។

