កណ្ដាល៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួចមានកំហឹង ហើយយកជំពាម ដុំថ្ម បាញ់គប់បំបែកបង្អួចផ្ទះបងស្រីបង្កើតរបស់ខ្លួន ព្រមទាំងយកកណ្ដៀវខ្វាងគំរាមកាប់សម្លាប់ថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ សីហា ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រម្យ សៅលាង ហៅ គង់ មុឺន (ប្រុស, ២១ឆ្នាំ) ជាមនុស្សដែលប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែរករឿងបងប្អូននិងក្រុមគ្រួសារជាញឹកញាប់។ នៅថ្ងៃកើតហេតុ ជនសង្ស័យបានភ្ញាក់ពីដេកឡើង ហើយដើរទៅប្រមូលដែកនៅក្នុងផ្ទះយកទៅលក់ឲ្យអេតចាយ តែត្រូវបានម្ដាយនិងជនរងគ្រោះឈ្មោះ រម្យ ចន្ថា (ស្រី, ២៤ឆ្នាំ) ជាបងស្រីបង្កើតឃាត់មិនឲ្យយកទៅលក់។ ជនសង្ស័យក៏បានទាមទារលុយ ៥០.០០០រៀល តែត្រូវម្ដាយនិងបងស្រីប្រាប់ថាគ្មានលុយទេ ធ្វើឲ្យជនសង្ស័យខឹងយ៉ាងខ្លាំង។
លោកអធិការបានបន្តថា ដោយកំហឹង ជនសង្ស័យបានទៅយកជំពាមកៅស៊ូដាក់គ្រាប់ដុំថ្មបាញ់ទៅលើកញ្ចក់ទ្វារផ្ទះខាងមុខបណ្ដាលឲ្យបែកខ្ទេចមួយចំហៀង និងយកដុំថ្មគប់បន្តបណ្ដាលឲ្យកញ្ចក់បង្អួចខាងស្ដាំបែកខ្ទេចមួយចំហៀងទៀត។ មិនតែប៉ុណ្ណោះ ជនសង្ស័យក៏បានយកកណ្ដៀវខ្វាងកាន់ជាប់នឹងដៃស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះចោលទៀតផង។ ដោយទ្រាំនឹងទង្វើរបស់ប្អូនប្រុសលែងបាន ជនរងគ្រោះបានតេប្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំឲ្យជួយអន្តរាគមន៍។
ភ្លាមៗក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងមានកណ្ដៀវខ្វាង ១ដើម, ជំពាមកៅស៊ូ ១, និងដុំថ្ម ២ដុំ។ ជនសង្ស័យរូបនេះក៏មានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀនផងដែរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើខាងលើពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

