កណ្ដាល៖ បុរសម្នាក់ជាអ្នកជិតខាងត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីយកដុំថ្មគប់ដំបូល និងយកដែកទីបវាយបំបែកកញ្ចក់រថយន្តរបស់ជនរងគ្រោះ។ ហេតុការណ៍នេះបណ្ដាលមកពីជនសង្ស័យមានគំនុំរឿងមាន់ងាប់។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ សីហា ២០២៥ វេលាម៉ោង ១៤:៣០នាទី នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សេង វុត្ថា ហៅ អាចិន (ប្រុស, ២៧ឆ្នាំ)។ ចំណែកជនរងគ្រោះជាអ្នកជិតខាងមានឈ្មោះ តាន់ ដារា (ប្រុស, ៣១ឆ្នាំ)។ ជនសង្ស័យរូបនេះធ្លាប់តែស្រែកឡូឡា និងរករឿងជនរងគ្រោះជាញឹកញាប់។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យមានការខឹងសម្បារ និងគំនុំគំគួនជាមួយជនរងគ្រោះ ដោយសារតែជនសង្ស័យបានចិញ្ចឹមមាន់ឲ្យជនរងគ្រោះ ប៉ុន្តែមាន់បែរជាងាប់ ហើយជនរងគ្រោះបានទារលុយថ្លៃមាន់វិញ។ ដោយសារតែកំហឹង ជនសង្ស័យបានយកដុំថ្មគប់ដំបូលផ្ទះជនរងគ្រោះ ២ដុំ រួចបានចូលទៅក្នុងផ្ទះជនរងគ្រោះយកដែកទីបប្រភេទជ្រុងវាយទៅលើកញ្ចក់រថយន្តម៉ាក Lexus RX400H ផ្នែកខាងក្រោយ បណ្ដាលឲ្យបែកជា ២កន្លែង។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានយកដុំថ្ម និងដែកទីបនោះទៅបោះចោលក្នុងទឹកព្រែកបាត់។
ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ដើម្បីឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ។ ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

