កណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនបុរសដៃដល់ម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយ៉ាងឃោរឃៅយកចបជីកវាយទៅលើប្តីប្រពន្ធមួយគូ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់ និងបុរសជាប្តីរងរបួសធ្ងន់ ហើយបានរត់គេចខ្លួនអស់រយៈពេលជាង ៤ថ្ងៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២០ សីហា ២០២៥ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង។
ប្រភពពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា ជនរងគ្រោះមាន ២នាក់គឺស្ត្រីឈ្មោះ ម៉ាន់ សុគន្ធា (ស្រី, ៤០ឆ្នាំ) ដែលបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងបុរសឈ្មោះ កុយ ពៅ (ប្រុស, ៥១ឆ្នាំ) ដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាល។ ចំណែកជនសង្ស័យមានឈ្មោះ ប៉ែន សុថារិទ្ធ (ប្រុស, ៣៣ឆ្នាំ) រស់នៅភូមិត្រពាំងស្វា ឃុំទ្រា។ ជនសង្ស័យមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។ វត្ថុតាងដែលចាប់យកបានរួមមាន ម៉ូតូ ១គ្រឿង និងចបជីកដែក ១ដើម ប្រវែង ០,៧៧ម៉ែត្រ។
តាមការបំភ្លឺពីកូនស្រីជនរងគ្រោះឈ្មោះ អឿន កញ្ញា (១៥ឆ្នាំ) បានឲ្យដឹងថា កន្លងមកជនសង្ស័យតែងតែគប់ដុំថ្មលើដំបូលផ្ទះម្តាយរបស់ខ្លួនជាប្រចាំ។ លុះដល់រសៀលថ្ងៃទី២០ សីហា ជនសង្ស័យបានបម្រុងវាយប្អូនប្រុសរបស់នាង ស្រាប់តែម្តាយរបស់នាងឃើញ ហើយបានស្រែកឃាត់ រហូតបង្កជាជម្លោះពាក្យសម្ដី។ នៅវេលាយប់កើតហេតុ ជនសង្ស័យបានទៅវាយប្តីរបស់ម្តាយនាងមុន បណ្តាលឲ្យរងរបួសធ្ងន់ រួចក៏បន្តវាយទៅលើម្តាយនាងចំនួន ៥ចបជីកចំក្បាល បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។
ក្រោយទទួលព័ត៌មានភ្លាមៗ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តនិងស្រុក បានចុះដល់កន្លែងកើតហេតុ សាកសួរជុំវិញកន្លែងកើតហេតុ ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ។ រហូតដល់ថ្ងៃទី២៥ សីហា វេលាម៉ោង ៨:២០នាទី កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិត្រពាំងស្វា ជាប់ព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនខឹងនឹងប្រពន្ធជនរងគ្រោះដែលជេរម៉ែរបស់ខ្លួន ទើបយកចបជីកប្រវែង ០,៧៧ម៉ែត្រ វាយទៅលើជនរងគ្រោះជាប្តីនិងប្រពន្ធ។ ក្រោយមក កម្លាំងអាវុធហត្ថបានសហការជាមួយអាវុធហត្ថស្រុកបាទី នាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញកន្លែងលាក់ចបជីកដែលជាវត្ថុតាងផងដែរ។ តាមការពិនិត្យ ជនសង្ស័យមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន(+)។
ប្រតិបត្តិការនេះធ្វើឡើងតាមការអនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបាននាំខ្លួនមកសាកសួរនៅអង្គភាពដើម្បីបន្តនីតិវិធី។

