កណ្ដាល៖ យុវជនម្នាក់ដែលមានប្រវត្តិជាប់ពន្ធនាគារដល់ទៅ ៣លើកពីបទលួច និងហិង្សា ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានទៀតហើយ ខណៈដែលរូបគេកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងដើម្បីលក់យកលុយទិញស្រាផឹក។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៦ សីហា ២០២៥ វេលាម៉ោង ១១:០០នាទី នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
លោកវរសេនីយ៍ត្រី ព្រឹម ទៀក នាយប៉ុស្តិ៍នគរបាលដើមមៀនបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សែន រិទ្ធីយ៉ា ហៅ វ៉ឹត (ប្រុស, ២៨ឆ្នាំ) ដែលគ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិសង្កាត់កើតហេតុ។ ជនសង្ស័យរូបនេះមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន និងមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ៣លើករួចមកហើយ គឺពីបទហិង្សាដោយចេតនា, បទលួចម៉ូតូ និងបទលួចរទេះរុញ។
លោកនាយប៉ុស្តិ៍បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាអស់ ហើយចង់ផឹកបន្តទៀតតែគ្មានលុយ។ គាត់ក៏បានសម្រេចចិត្តទៅលួចកាត់ខ្សែភ្លើងនៅចំណុចកើតហេតុ ប៉ុន្តែដោយសារកាត់បានតែមួយចំហៀង ឯមួយចំហៀងទៀតកាត់មិនដាច់ ទើបរូបគេត្រឡប់ទៅផ្ទះវិញ។
ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួច កម្លាំងប៉ុស្តិ៍នគរបាលដើមមៀនបានចុះទៅឃាត់ខ្លួនយកមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងមែន តែមិនបានសម្រេច។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធី។

