កណ្ដាល៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្សារកន្ទួត ក្នុងស្រុកកណ្តាលស្ទឹង បណ្ដាលឲ្យតូបលក់ដូរចំនួន ៤តូប ឆេះខ្ទេចខ្ទីទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៨ សីហា ២០២៥ វេលាម៉ោង ១:៣០នាទីរំលងអធ្រាត្រ នៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង តែសំណាងល្អមិនមានមនុស្សរងរបួសឡើយ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ មានការចូលរួមពីអាជ្ញាធរស្រុកទាំងលោកអភិបាល អភិបាលរង អធិការ និងអធិការរង រួមជាមួយកម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុក កម្លាំងបញ្ជាការដ្ឋានអង្គរក្ស នគរបាលប៉ុស្តិ៍បារគូ ប៉ុស្តិ៍អន្លង់រមៀត កម្លាំងអគ្គិភ័យខេត្ត កម្លាំងប្រជាការពារឃុំ និងប្រជាពលរដ្ឋជាច្រើននាក់។ រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ត្រូវបានប្រើប្រាស់អស់ទឹក ៤ឡាន រហូតអាចពន្លត់ភ្លើងបានជាស្ថាពរនៅវេលាម៉ោង ៣:២០នាទី។
យោងតាមរបាយការណ៍បានឲ្យដឹងថា តូបទាំង ៤ខ្នងដែលឆេះមានទំហំនីមួយៗ ៤x៤ម៉ែត្រ ដែលមានទ្វាររូតស័ង្កសី និងសរសរថ្ម។ តូបទាំងនោះរួមមានតូបលក់ខោអាវ ២តូប, តូបលក់គ្រឿងក្រអូប ១តូប និងតូបជាងទង (ជាងមាស) ១តូប។ ម្ចាស់តូបទាំងនោះមានឈ្មោះ សួន សាមុត (ប្រុស, ៤៦ឆ្នាំ) ម្ចាស់ ២តូប, ឈ្មោះ លឹម វណ្ណាឡាយ (ស្រី, ៣៨ឆ្នាំ) ម្ចាស់ ១តូប និងឈ្មោះ អ៊ុំ សុជាតា (ស្រី, ៣៨ឆ្នាំ) ម្ចាស់ ១តូប។
បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តការស្រាវជ្រាវដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ៕


