កណ្ដាល៖ យុវជនចំនួន ៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីចុះធ្វើរដ្ឋបាលត្រួតពិនិត្យផ្ទះជួល ហើយរកឃើញថាពួកគេកំពុងប្រមូលផ្ដុំគ្នារក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ជនសង្ស័យទាំងអស់សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១ ខែកញ្ញា ២០២៥ វេលាម៉ោង ១៥:០៥នាទី នៅផ្ទះជួលក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល។
យោងតាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ឡន ម៉េងលាង (ប្រុស, ២១ឆ្នាំ), ឈ្មោះ រ៉ន រាជ (ប្រុស, ១៨ឆ្នាំ), ឈ្មោះ ហុង លីហ័ន (ប្រុស, ២០ឆ្នាំ) និងឈ្មោះ អ៊ុត នីសា (ប្រុស, ១៨ឆ្នាំ)។ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ១កញ្ចប់តូច ដែលមានទម្ងន់ ០,១៥ក្រាម, ទូរស័ព្ទដៃ ៤គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រភពដដែលបានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល រួមមានកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច បានចុះធ្វើរដ្ឋបាលតាមផ្ទះជួល។ ពេលទៅដល់ផ្ទះជួលរបស់ឈ្មោះ ហុង លីហ័ន សមត្ថកិច្ចឃើញមានការស្នាក់នៅប្រមូលផ្តុំគ្នាដោយមានការសង្ស័យ ក៏បានសុំអនុញ្ញាតត្រួតពិនិត្យ។ ពេលឆែកឆេរ កម្លាំងសមត្ថកិច្ចរកឃើញថ្នាំញៀន ១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀននោះគឺពួកគេបានចូលលុយគ្នាទិញក្នុងតម្លៃ ២០.០០០រៀល ពីមុខសញ្ញាមិនស្គាល់ ដើម្បីយកមកប្រើប្រាស់រួមគ្នានៅក្នុងផ្ទះជួល។ បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។



