កណ្ដាល៖ បុរសម្នាក់ដែលមានប្រវត្តិប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយ៉ាងព្រៃផ្សៃយកកាំបិតបុ័ងតោកាប់កម្មករម្នាក់ចំខ្នងនិងស្លាបប្រចៀវ បណ្តាលឲ្យរងរបួស ៤ថ្នេរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែកញ្ញា ២០២៥ វេលាម៉ោង ១៦:៣០នាទី នៅបន្ទប់ជួលក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ួរ សីហា (ប្រុស, ២៦ឆ្នាំ) មុខរបរកម្មករ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ រស់ វណ្ណៈ (ប្រុស, ៣៥ឆ្នាំ) គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិឃុំជាមួយជនរងគ្រោះដែរ។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅបន្ទប់ជួលរបស់មិត្តភក្ដិដើម្បីខ្ចីទូរស័ព្ទតេ។ ខណៈដែលជនរងគ្រោះកំពុងនិយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យបានកាន់កាំបិតបុ័ងតោមកកាប់ចំខ្នងនិងស្លាបប្រចៀវ បណ្ដាលឲ្យរបួសហូរឈាមយ៉ាងច្រើន។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។ ជនរងគ្រោះបានទៅពេទ្យដេររបួសចំនួន ៤ថ្នេរ រួចក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពើក។
ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមានកាំបិតបុ័ងតោ ១ដើម, កាំបិតស្នៀត ១ដើម, ឧបករណ៍សម្រាប់ចាក់ត្រី ១ដើម និងដែកស្រួចកែច្នៃ ១ដើម យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានកាប់ជនរងគ្រោះមែន ហើយក៏បានសារភាពបន្ថែមទៀតថា ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល ៤ឆ្នាំ និងធ្លាប់ជាប់ពន្ធនាគារ ៣ឆ្នាំពីបទប្រើប្រាស់គ្រឿងញៀនតាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។

