បុរសជនជាតិថៃ ២នាក់ ដែលជាបុគ្គលិកក្រុមហ៊ុន បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងពេលរាត្រី។ ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅមុខក្រុមហ៊ុនព្រីនស៍០១ ស្ថិតក្នុងភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ហើយជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។
លោកវរសេនីយ៍ឯក ឈុន ជឺឈួន អធិការនគរបាលក្រុងសំពៅពូន បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់មានឈ្មោះ PLIANLERTWICHA SARAWUT (ប្រុស, ៣៦ឆ្នាំ) និងឈ្មោះ SEENA PINICH (ប្រុស, ៣៨ឆ្នាំ) ដែលសុទ្ធតែជាជនជាតិថៃ។ ជនសង្ស័យទាំងពីរនាក់ធ្វើការជាបុគ្គលិកនៅក្រុមហ៊ុនមួយក្នុងភូមិព្រែកស៊ឹង។
លោកអធិការបានបន្តថា តាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ សាក់ សុខលី (ប្រុស, ៣១ឆ្នាំ) និងឈ្មោះ ស៊ិប ចាន់រ៉ា (ប្រុស, ២៥ឆ្នាំ) បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់បានវាយពួកគាត់ រួចលួចយកម៉ូតូនិងទូរសព្ទ។ ក្រោយទទួលពាក្យបណ្ដឹង កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាល បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យទាំងពីរនាក់មកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេបានលួចចូលមកប្រទេសកម្ពុជាតាមច្រកប៉ោយប៉ែតដោយខុសច្បាប់តាំងពីខែឧសភា ២០២៥ ដើម្បីមកធ្វើការងារ។ ដោយសារធ្វើការហត់ពេក ពួកគេក៏បានរៀបចំគម្រោងរត់គេចពីក្រុមហ៊ុន។ នៅយប់កើតហេតុ ពួកគេបានលួចយកម៉ូតូម៉ាក Wave ពណ៌ខ្មៅ ១គ្រឿង ពីក្រុមហ៊ុន តែម៉ូតូនោះក៏ដាច់ច្រវ៉ាក់នៅមុខក្រុមហ៊ុន។ ពេលនោះ ពួកគេក៏បានវាយប្លន់យកម៉ូតូមួយគ្រឿងទៀតពីជនរងគ្រោះឈ្មោះ សាក់ សុខលី ដើម្បីជិះរត់គេច។ ជិះមិនបានប៉ុន្មានផង ពួកគេបានជិះបុកម៉ូតូនារីម្នាក់បណ្តាលឲ្យដួល រួចក៏រត់បន្តទៀត។ ពេលនោះ ជនរងគ្រោះម្នាក់ទៀតឈ្មោះ ស៊ិប ចាន់រ៉ា បានឃើញហើយជិះតាមដើម្បីឲ្យពួកគេជួយមើលនារីដែលត្រូវបុក តែបែរជាត្រូវពួកគេវាយប្លន់យកម៉ូតូទៀត។ ពេលនោះ សមត្ថកិច្ចក៏បានមកដល់ ហើយឃាត់ខ្លួនជនសង្ស័យបានតែម្ដង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូសរុប ៣គ្រឿង, ទូរសព្ទ ២គ្រឿង និងលិខិតឆ្លងដែន ២ក្បាល។ ជនសង្ស័យទាំងពីរនាក់នេះធ្វើតេស្តទឹកនោមអវិជ្ជមាន (-)។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

