រឿងនេះកំពុងតែក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញសង្គម ដោយបងប្អូនប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើ យានដ្ឋាន ជាង រិទ្ធ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងប្រឡាយបឹងត្របែក ក្នុងភូមិសាស្ត្រខណ្ឌចំការមន។ ដូចលោកអ្នកបានឃើញស្រាប់ក្នុងរូបភាព និងវីដេអូនេះអញ្ចឹង រថយន្តជាច្រើនគ្រឿងត្រូវបានគេយកមកចតត្រៀបត្រា លេបយកចិញ្ចើមផ្លូវ និងហៀរចូលមកដល់ទ្រូងផ្លូវសាធារណៈ សឹងតែពាក់កណ្តាលតែម្ដង។
ទង្វើនេះមិនត្រឹមតែបង្ហាញពីការរំលោភបំពានយកទ្រព្យសម្បត្តិរដ្ឋមកធ្វើជាកម្មសិទ្ធិឯកជនប៉ុណ្ណោះទេ តែថែមទាំងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សង្គម។ ផ្លូវដែលធ្លាប់តែទូលាយ ត្រូវរួមតូចចង្អៀត បង្កការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ។ ចំណែកអ្នកថ្មើរជើងវិញ គឺគ្មានជម្រើសឡើយ ត្រូវបង្ខំចិត្តដើរចុះមកលើទ្រូងផ្លូវ ប្រឈមមុខនឹងគ្រោះថ្នាក់ជាទីបំផុត។ តើការយកចំណីផ្លូវសាធារណៈមកប្រកបអាជីវកម្មផ្ទាល់ខ្លួន ដោយមិនខ្វល់ពីផលប៉ះពាល់ដល់អ្នកដទៃបែបនេះ អាជ្ញាធរពាក់ព័ន្ធគួរតែបន្តបណ្តែតបណ្តោយទៀតដែរឬទេ?
ជុំវិញភាពអនាធិបតេយ្យនេះ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើររងគ្រោះ សូមសំណូមពរយ៉ាងទទូចដល់រដ្ឋបាលខណ្ឌចំការមន ជាពិសេសលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌ មេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យ និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីរំដោះផ្លូវជូនពលរដ្ឋវិញ ក៏ដូចជាលុបបំបាត់រូបភាពអាក្រក់បែបនេះចេញពីរាជធានីភ្នំពេញ។
តើបងប្អូនយល់យ៉ាងណាដែរចំពោះទង្វើរបស់ម្ចាស់យានដ្ឋានមួយនេះ? សូមបញ្ចេញមតិនៅខាងក្រោម ហើយជួយចែករំលែកវីដេអូនេះម្នាក់១ដង ដើម្បីឱ្យសារនេះបានលឺដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធចុះមកដោះស្រាយឱ្យបានទាន់ពេលវេលា។
