កណ្តាល៖ ប្រជាពលរដ្ឋ២៦គ្រួសារ បានផ្ទុះកំហឹងយ៉ាងក្តៅគគុក ដោយចោទប្រកាន់ចំៗទៅលើលោក ស៊ុម ធន អភិបាលរងស្រុកកៀនស្វាយ ថាបានទិញដីពួកគាត់ដោយកាត់ប្លង់យកទៅបាត់រាប់ខែ តែបែរជាប្រើសន្យាខ្យល់រាប់ភ្លេច គេចវេសមិនព្រមសងប្រាក់ថ្លៃដីជាង១លាន៣៧ម៉ឺនដុល្លារ។ អ្វីដែលកាន់តែហួសចិត្ត គឺទោះបីជារដ្ឋបាលខេត្តកណ្តាល បានចេញមុខសម្របសម្រួលឱ្យផ្តិតមេដៃធ្វើកិច្ចសន្យាធានាសងប្រាក់នេះរួចហើយក្តី ក៏មន្ត្រីរូបនេះនៅតែបន្តគេចវេស ហ៊ានបំពានចំណារថ្នាក់ខេត្តយ៉ាងក្រអឺតក្រទម ខណៈដែលខ្លួនមានតួនាទីជាអភិបាលរងស្រុកសោះ តែបែរជាដើរតួធ្វើជាឈ្មួញកណ្តាលរកស៊ីដីធ្លីទៅវិញ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ លោក ឡាយ ចាន់ធី អាយុ៥៣ឆ្នាំ និងលោកយាយ ចក់ សេង វ័យ៧២ឆ្នាំ តំណាងឱ្យម្ចាស់ដីទាំងអស់ បានរៀបរាប់ទាំងក្តីឈឺចាប់ពីដើមទងនៃបញ្ហាថា ពួកគាត់មានដីចំនួន៣៣ក្បាលដី បានលក់ទៅឱ្យលោក ស៊ុម ធន ដែលជាអ្នកប្រមូលទិញឱ្យអ្នកឧកញ៉ា ហុង ពីវ តាំងពីអំឡុងចុងឆ្នាំ២០២៤ ដោយមានកិច្ចសន្យាត្រឹមត្រូវ។ លោកអភិបាលរងរូបនេះ បានសន្យាថានឹងប្រគល់ប្រាក់គ្រប់ចំនួន នៅពេលដែលប្លង់ត្រូវបានកាត់ផ្ទេរឈ្មោះទៅអ្នកទិញរួចរាល់។ ប៉ុន្តែចាប់តាំងពីប្លង់ចេញរួចរាល់កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៦ លោក ស៊ុម ធន តែងតែព្យាយាមពន្យារពេល និងគេចវេសរហូត សរុបទៅ៦ទៅ៧ដងមកហើយ ដោយទុកឱ្យរាស្ត្ររង់ចាំសន្យាខ្យល់ ទាំងដែលដីលក់ជាង២ឆ្នាំ ទើបតែទទួលបានប្រាក់កក់ជាង៣០ភាគរយប៉ុណ្ណោះ។
ដោយលែងជឿសម្តីភូតកុហក កាលពីថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៦កន្លងទៅ ពួកគាត់បាននាំគ្នាទៅសួរនាំ តែលោកអភិបាលរងបានអង្វរ និងធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរថានឹងប្រគល់ប្រាក់គ្រប់ចំនួននៅថ្ងៃទី២២ ឧសភា។ ដល់ថ្ងៃកំណត់នៅតែគេចវេសដដែល ទើបរហូតដល់ថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្តាល បានអញ្ជើញភាគីពាក់ព័ន្ធឡើងទៅសាលាខេត្ត ដើម្បីដោះស្រាយ។ នៅក្នុងអង្គប្រជុំដែលមានលោក ជាង រិទ្ធី នាយករងរដ្ឋបាលខេត្តជាប្រធាន លោក ស៊ុម ធន បានសន្យាដោយផ្តិតស្នាមេដៃលើកំណត់ហេតុអង្គប្រជុំ ថានឹងដោះស្រាយប្រគល់ប្រាក់បង្គ្រប់ថ្លៃដីដែលនៅសល់ជាង១លាន៣៧ម៉ឺនដុល្លារនេះមកឱ្យពលរដ្ឋយ៉ាងយូរត្រឹមថ្ងៃទី០៥ មិថុនា ឆ្នាំ២០២៦ ហើយសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែមកដល់ថ្ងៃទី០៦ មិថុនានេះ លោកនៅតែគេចវេសមិនព្រមអនុវត្តតាមកិច្ចសន្យាដដែល ដោយបានត្រឹមឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមយ៉ាងរំភើយថា “ខ្ញុំចាំមេធាវីខ្ញុំ គាត់រវល់បងស្រីគាត់ស្លាប់ ចាំគាត់ត្រឡប់មកវិញ ខ្ញុំជាមួយគាត់ឡើងទៅក្រុមហ៊ុន គឺបញ្ចប់ហើយ យ៉ាងយូរត្រឹមថ្ងៃសុក្រ”។
ជាមួយនឹងការគេចវេសមិនចេះចប់មិនចេះហើយនេះ ក្រុមពលរដ្ឋម្ចាស់ដីទាំងអស់ បានលើកជាសំណួរថា តើឱ្យពួកគាត់រង់ចាំដល់ពេលណាទៀត បើមន្ត្រីដែលមានឋានៈអភិបាលរងស្រុកម្នាក់នេះ មិនដែលគោរពសន្យាម្តងណាផងនោះ រឿងអីនៅអូសក្រឡារកលេសយ៉ាងដូច្នេះ ឬក៏ចង់ស៊ីដាច់លុយរបស់ពួកគាត់? ដូច្នេះមានតែលើកដៃសំពះអង្វរស្នើសុំឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងថ្នាក់ដឹកនាំ មេត្តាជួយអន្តរាគមន៍ឱ្យលោកអភិបាលរងស្រុករូបនេះ សងប្រាក់ថ្លៃដីដល់ពួកគាត់ដោយក្តីអនុគ្រោះផង។ បើមិនដូច្នេះទេ ពួកគាត់សុំមោឃភាពកិច្ចសន្យាទិញលក់ ដើម្បីយកដីមកប្រកបរបរដាំដុះចិញ្ចឹមជីវិតវិញ និងសូមឱ្យថ្នាក់ដឹកនាំពិនិត្យមើលលើមន្ត្រីដែលរកស៊ីគ្មានភាពស្មោះត្រង់នេះផង>
