Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បែកធ្លាយសារសំឡេងមេការអួតថា «ដោះស្រាយជាមួយមន្ទីរ និងបរិស្ថានរួច» ស្របពេលសិប្បកម្មប្លាស្ទិកបើកអត់ច្បាប់សោះ ឯប្រធានមន្ទីរបរិស្ថានឌឺដងហៅអ្នកកាសែតទៅ «ហិតក្លិន»
    ព័ត៌មានជាតិ

    បែកធ្លាយសារសំឡេងមេការអួតថា «ដោះស្រាយជាមួយមន្ទីរ និងបរិស្ថានរួច» ស្របពេលសិប្បកម្មប្លាស្ទិកបើកអត់ច្បាប់សោះ ឯប្រធានមន្ទីរបរិស្ថានឌឺដងហៅអ្នកកាសែតទៅ «ហិតក្លិន»

    June 24, 20267 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    សិប្បកម្មកែច្នៃប្លាស្ទិកមួយកន្លែងនៅក្រុងតាខ្មៅ ត្រូវបានមន្ត្រីជំនាញចុះពិនិត្យ និងរកឃើញការពិតថា បានលួចបើកដំណើរការដោយគ្មានច្បាប់ទម្លាប់សូម្បីមួយសន្លឹក ស្របពេលដែលមានការបែកធ្លាយសារសំឡេងរបស់មេការ ដែលបានអួតអាងប្រាប់សន្តិសុខថា «ទើបដោះស្រាយជាមួយមន្ទីរ និងបរិស្ថានហើយ»។ ការបែកធ្លាយសារសំឡេងនេះ បានធ្វើឱ្យសាធារណជនកាន់តែមានមន្ទិលសង្ស័យយ៉ាងខ្លាំងជុំវិញភាពមិនប្រក្រតី ពាក់ព័ន្ធនឹងស្ថាប័នចេញច្បាប់សិប្បកម្ម និងមន្ទីរបរិស្ថានខេត្ត ខណៈពលរដ្ឋកំពុងរងទុក្ខដោយសារក្លិនស្អុយ ប៉ុន្តែលោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បែរជាប្រើសម្តីឌឺដងហៅអ្នកកាសែតឱ្យទៅចូលរួម «ហិតក្លិន» ព្រមទាំងមិនហ៊ានឱ្យអ្នកសារព័ត៌មានចូលរួមពិនិត្យខាងក្នុងសិប្បកម្មនោះទៅវិញ។

     

    រឿងរ៉ាវដ៏រសើបនេះ បានផ្ទុះឡើងកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅពេលដែលប្រជាពលរដ្ឋប្រកបរបរនេសាទ និងដកក្រអៅឈូកនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ បានរាយការណ៍ថា សិប្បកម្មកែច្នៃប្លាស្ទិក និងរោងចក្រខោខូវប៊យនៅក្បែរនោះ បានបែកធ្លាយទុយោ និងបង្ហូរទឹកកខ្វក់ចូលប្រឡាយ បង្កជាក្លិនស្អុយអសោច និងធ្វើឱ្យពលរដ្ឋរមាស់ស្បែក។ ទោះជាយ៉ាងណា ពលរដ្ឋខ្លះលើកឡើងថា សិប្បកម្មនេះបើកប្រហែល១ឆ្នាំមកហើយ តែមិនឃើញមានដាក់ស្លាកយីហោអ្វីនោះទេ។

     

    អ្វីដែលកាន់តែធ្វើឱ្យហួសចិត្តថែមទៀតនោះគឺ នៅពេលដែលអ្នកសារព័ត៌មានរាយការណ៍បញ្ហានេះតាមឆាត (Chat) តេឡេក្រាមផ្ទាល់ជូនលោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ដើម្បីសុំអន្តរាគមន៍ លោកមិនបានចូលមើល ឬឆ្លើយតបនោះទេ។ លុះពេលអ្នកសារព័ត៌មានយករឿងនេះទៅទម្លាក់ចូលក្នុងគ្រុបតេឡេក្រាម «ប្រជាជនខេត្តកណ្តាល» ដែលមានថ្នាក់ដឹកនាំនៅក្នុងនោះ ទើបលោកប្រធានមន្ទីររូបនេះឆ្លើយតបជាមួយអ្នកសារព័ត៌មានវិញក្នុងរបៀបឌឺដង និងហាក់ចងកំហឹងថា៖ «ក្រុមការងារចុះទៅពិនិត្យមើលហើយ ចាំទៅចូលរួមហិតក្លិនទាំងអស់គ្នាផង»។ មហាជនរិះគន់ចំៗថា នេះគឺជាសម្តីដែលមន្ត្រីថ្នាក់ដឹកនាំមន្ទីរមិនគួរប្រើប្រាស់ទាល់តែសោះ។

     

    ភាពមិនប្រក្រតីកាន់តែលេចជារូបរាងយ៉ាងច្បាស់ នៅរសៀលថ្ងៃដដែល ពេលលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្ត និងលោក ពៅ សោម៉ាណាក់ ចុះទីតាំងផ្ទាល់ លោកប្រធានមន្ទីរបានអះអាងទាំងមិនទាន់បានយកទឹកទៅពិសោធន៍ផងថា «ទឹកនេះគ្មានជាតិពុលអ្វីទេ»។ លើសពីនេះ អាជ្ញាធរបានហាមឃាត់មិនឱ្យថតរូបកន្លែងបែកទុយោរបស់រោងចក្រខោខូវប៊យ និង មិនហ៊ានឱ្យអ្នកសារព័ត៌មានចូលរួមពិនិត្យខាងក្នុងសិប្បកម្មកែច្នៃប្លាស្ទិក ជាដាច់ខាត។

    ការមិនហ៊ានឱ្យអ្នកសារព័ត៌មានចូលរួមពិនិត្យខាងក្នុងនេះ គឺស្របគ្នាទាំងស្រុងទៅនឹងសារសំឡេងបែកធ្លាយចំនួន២របស់មេការសិប្បកម្ម ដែលបានឆាតប្រាប់សន្តិសុខយាមរោងចក្រ ដោយសារទី១ និយាយថា៖«ពួកអ្នកកាសែតវាមិនសូវមានសិទ្ធអីសួរនាំច្រើនទេ លុះត្រាតែវាបានចូលថតរូបបាន បានយ៉ាប់» និងសារទី២៖ «ទើបដោះស្រាយជាមួយមន្ទីរ និងបរិស្ថានហើយ ឯងមករកលុយទៀតហើយ» ។ ក្នុងន័យនេះ ត្រូវបានគេយល់ថា មេការទំនងជាសំដៅលើការរត់ការដោះស្រាយជាមួយមន្ទីរជំនាញដែលចេញច្បាប់សិប្បកម្ម និងមន្ទីរបរិស្ថាន រួចរាល់ហើយ។

    ទីបំផុត ការពិតត្រូវបានលាតត្រដាង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ពេលក្រុមការងារមន្ទីរបរិស្ថានខេត្ត ដឹកនាំដោយលោក អាន តូរ៉ា ចុះពិនិត្យសិប្បកម្មកែច្នៃប្លាស្ទិករបស់ម្ចាស់អាជីវកម្មឈ្មោះ ឌួង ណារិន ជាថ្មីម្តងទៀត។ លទ្ធផលនៃការត្រួតពិនិត្យបានបញ្ជាក់យ៉ាងច្បាស់ថា សិប្បកម្មនេះបានបើកដំណើរការតាំងពីខែមករា ឆ្នាំ២០២៦ ដោយមិនទាន់មានច្បាប់អនុញ្ញាតឡើយ ហើយមិនត្រឹមតែគ្មានអាងប្រព្រឹត្តកម្មចម្រោះទឹកស្អុយនោះទេ សូម្បីតែការគ្រប់គ្រងសំណល់រឹងនិងរាវ ក៏ធ្វើមិនបានត្រឹមត្រូវដែរ។ ជុំវិញការរកឃើញនេះ ធ្វើឱ្យមហាជនកាន់តែមានមន្ទិល និងបានចោទជាសំណួរយ៉ាងចាក់ដោតថា៖ «តើហេតុអ្វីទាល់តែមន្ត្រីជំនាញចុះពិនិត្យដល់ទៅ២ដង ទើបដឹងថាសិប្បកម្មមួយនេះលួចបើកដោយអត់មានច្បាប់ទម្លាប់សោះបែបនេះ?»។

    ដោយឡែក ចំពោះករណីទុយោប្រវែង៤ម៉ែត្រ ដែលសារព័ត៌មានបានរាយការណ៍ថាជា ទុយោបង្ហូរសំណល់រាវមានសារធាតុគីមី ចេញពីសិប្បកម្មនោះ ត្រូវបានក្រុមការងារជំនាញបដិសេធ ដោយបញ្ជាក់ថាមិនមែនជារបស់សិប្បកម្មទេ គឺជាទុយោបង្ហូរទឹកចេញពីស្រះឈូករបស់ប្រជាពលរដ្ឋប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តី ការអះអាងនេះក៏មិនអាចលុបលាងកំហុសនៃការលួចបើកសិប្បកម្មអត់ច្បាប់រាប់ខែនេះបានឡើយ។

    ឆ្លើយតបទៅនឹងការរកឃើញកំហុសឆ្គងនៃការលួចបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត និងខ្វះបច្ចេកទេសបរិស្ថាននេះ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកណ្តាល មិនបានចាត់វិធានការផ្លូវច្បាប់អ្វីឱ្យតឹងរ៉ឹងឡើយ ដោយគ្រាន់តែដាក់កំហិតឱ្យម្ចាស់សិប្បកម្មត្រូវអនុវត្តនូវចំណុចចំនួន៣ រួមមាន៖ ១. ត្រូវប្រមូល និងដឹកជញ្ជូនកាកសំណល់-សំរាមនៅខាងក្រោយសិប្បកម្មឱ្យបានស្អាត។ ២. ត្រូវរៀបចំអាងប្រព្រឹត្តកម្មសម្អាតសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ៣. ត្រូវរៀបចំឯកសារពាក់ព័ន្ធវិស័យបរិស្ថានជាមួយមន្ទីរឱ្យបានត្រឹមត្រូវ។

    ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅតែទទូចអំពាវនាវដល់ ឯកឧត្តម អៀង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់ក្រុមមន្ត្រីជំនាញពីក្រសួងចុះមកត្រួតពិនិត្យដោយផ្ទាល់ ដើម្បីពិនិត្យមើលថា តើពិតជាមានភាពមិនប្រក្រតីរវាងមន្ត្រីជំនាញខេត្ត និងម្ចាស់សិប្បកម្ម ពិតមែនឬយ៉ាងណា?

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.