តើលិខិតរបស់រដ្ឋបាលក្រុងតាខ្មៅមានប្រសិទ្ធភាពពិតប្រាកដ ឬគ្រាន់តែជាការគំរាមលើក្រដាស? ជាង១០ថ្ងៃកន្លងផុតទៅហើយ របងថ្មរបស់លោកជំទាវ ឡុង ដែលសាងសង់រំលោភយកដីសាធារណៈរដ្ឋ នៅតែឈរស្កឹមស្កៃឌឺដងអាជ្ញាធរ ដោយគ្មានញញើតច្បាប់ទាល់តែសោះ។ អ្វីដែលកាន់តែធ្វើឱ្យមានការងឿងឆ្ងល់ គឺការប្រើពាក្យថា «ដីចំណីផ្លូវ» ជំនួសឱ្យពាក្យថា «ដីប្រឡាយ» នៅក្នុងលិខិតផ្អាកការដ្ឋានរបស់រដ្ឋបាលក្រុងតាខ្មៅទៅវិញ! តើមានរឿងអ្វីនៅពីក្រោយខ្នងឱ្យពិតប្រាកដ?
វិវាទនៃការសាងសង់របងថ្មរំលោភយកដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ កំពុងតែក្លាយជាប្រធានបទក្តៅគគុក។ នេះគឺជាការវាស់ស្ទង់ឥទ្ធិពលយ៉ាងច្បាស់រវាងអាជ្ញាធរក្រុងតាខ្មៅ និងបុគ្គលដែលគេស្គាល់ឈ្មោះថា ជំទាវ ឡុង។ បើទោះបីជារដ្ឋបាលក្រុងបានចេញលិខិតផ្អាកការដ្ឋាន និងតម្រូវឱ្យរុះរើចេញតាំងពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២៦ មកម្ល៉េះក៏ដោយ ប៉ុន្តែមកទល់ពេលនេះ របងថ្មដ៏រឹងមាំនោះនៅតែមិនទាន់មានការរុះរើចេញនៅឡើយទេ ដែលធ្វើឱ្យមហាជនកំពុងរង់ចាំមើលយ៉ាងអន្ទះសា។
រឿងរ៉ាវនេះមិនមែនទើបតែលេចឡើងជារបងថ្មភ្លាមៗនោះទេ។ ផ្អែកតាមប្រវត្តិសាច់រឿង មុនឈានដល់ការសាងសង់របងថ្មដ៏រឹងមាំនេះ ម្ចាស់ទីតាំងបានប្រើល្បិចបោះជំហានម្តងមួយៗ។ ដំបូងឡើយ គេបានចាក់ខ្សាច់លុបប្រឡាយដោយយកលេសយ៉ាងសមរម្យថា «ដើម្បីទប់ស្កាត់កុំឱ្យពលរដ្ឋចោលសំរាម»។ បន្ទាប់មក គេក៏បានយកឫស្សីមកធ្វើរបងព័ទ្ធយកធ្វើជាកម្មសិទ្ធិ ប៉ុន្តែត្រូវបានអាជ្ញាធរចុះហាមឃាត់ទើបរុះរើថយវិញ។ ក្រោយមកពេលសភាពការណ៍ហាក់ស្ងប់ស្ងាត់ ស្រាប់តែប្រើជាងឱ្យមកសាងសង់ជារបងថ្មយ៉ាងរឹងមាំតែម្តង។
សកម្មភាពជាបន្តបន្ទាប់នេះត្រូវបានមហាជនដាក់ការសង្ស័យយ៉ាងខ្លាំងថា ជាល្បិច «ស្ទាបស្ទង់សភាពការណ៍» ឬសាកល្បងចំណាត់ការរបស់អាជ្ញាធរ។ បើករណីរបងថ្មនេះនៅតែរក្សាភាពស្ងប់ស្ងាត់បាន គេជឿជាក់ថាជំហានបន្ទាប់នឹងមានការសាងសង់របងព័ទ្ធយកដីប្រឡាយនេះទាំងស្រុង ដើម្បីបូកបញ្ចូលជាមួយដីរបស់ខ្លួនឱ្យកាន់តែធំជាមិនខាន។
យោងតាមលិខិតផ្អាកការដ្ឋានរបស់រដ្ឋបាលក្រុងតាខ្មៅ បានបញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ ជំទាវ ឡុង បានសាងសង់របងថ្មដែលមានទំហំ០.២០ម៉ែត្រ ប្រវែង៣៤.៧០ម៉ែត្រ និងកម្ពស់២.៥០ម៉ែត្រ ដោយគ្មានលិខិតអនុញ្ញាត។ ក្នុងលិខិតនោះ រដ្ឋបាលក្រុងបានតម្រូវឱ្យម្ចាស់ការដ្ឋានធ្វើការរុះរើចេញជាបន្ទាន់ បើពុំនោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់ រហូតដល់បញ្ជូនសំណុំរឿងទៅតុលាការ។
ទោះជាយ៉ាងនេះក្តី អ្វីដែលជាភាពមិនប្រក្រតី និងបង្កឱ្យមានការងឿងឆ្ងល់យ៉ាងខ្លាំង គឺការប្រើប្រាស់ពាក្យពេចន៍នៅក្នុងលិខិតរបស់រដ្ឋបាលក្រុង។ ប្រជាពលរដ្ឋ និងលោកមេភូមិសិត្បូ បានបញ្ជាក់យ៉ាងច្បាស់លាស់រួចមកហើយថា ទីតាំងនោះគឺការរំលោភលើ «ប្រឡាយថ្នល់ចិន» ដែលជាសម្បត្តិរដ្ឋ ប៉ុន្តែនៅក្នុងលិខិតរបស់រដ្ឋបាលក្រុងតាខ្មៅ បែរជាសរសេរថាការសាងសង់នេះធ្វើឡើងនៅ «ដីចំណីផ្លូវ» ទៅវិញ។
តើការប្រើពាក្យថា «ដីចំណីផ្លូវ» ជំនួសឱ្យ «ដីប្រឡាយរដ្ឋ» នេះ ជាការភាន់ច្រឡំរបស់មន្ត្រីជំនាញ ឬមួយក៏មានអាថ៌កំបាំងអ្វីផ្សេង ដើម្បីបំបែរទិសដៅ ទុកផ្លូវប្រែក្លាយទ្រព្យសម្បត្តិសាធារណៈឱ្យទៅជាកម្មសិទ្ធិឯកជននៅថ្ងៃក្រោយ?
ចំណុចគួរឱ្យសង្ស័យមួយទៀតដែលមិនអាចរំលងបាន គឺបញ្ហាការចុះបញ្ជីដីធ្លី។ ជាការកត់សម្គាល់ នៅទូទាំងក្រុងតាខ្មៅនាពេលបច្ចុប្បន្ន ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធត្រូវបានធ្វើឡើងស្ទើរតែរួចរាល់អស់ទៅហើយ ចុះហេតុអ្វីបានជាដីប្រឡាយថ្នល់ចិនមួយខ្សែនេះ បែរជាមិនទាន់មានការចុះបញ្ជីច្បាស់លាស់ទៅវិញ? តើដីប្រឡាយដ៏ធំមួយនេះធ្លាក់ពីលើមេឃ ឬមានការឃុបឃិតគូសរំលងមិនព្រមបញ្ចូលក្នុងបញ្ជី ដើម្បីទុកចន្លោះប្រហោងក្នុងការទន្ទ្រានយកពីសំណាក់បុគ្គលមានអំណាច?
មហាជនកំពុងរង់ចាំមើលចំណាត់ការបន្តរបស់រដ្ឋបាលក្រុងតាខ្មៅ ក៏ដូចជាឯកឧត្តមអភិបាលខេត្តកណ្តាល ថាតើលិខិតរដ្ឋបាលដែលបានចេញនេះមានប្រសិទ្ធភាពពិតប្រាកដ ឬគ្រាន់តែជាការគំរាមលើក្រដាសដើម្បីបំភាន់ភ្នែកមហាជន ខណៈដែលរបងថ្មរបស់លោកជំទាវ ឡុង នៅតែបន្តឈរយ៉ាងរឹងមាំរហូតមកដល់ពេលនេះ៕

