នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងរដ្ឋបាល លោក លោកស្រី អភិបាលរងខណ្ឌមានជ័យ លោកនាយក នាយករងរដ្ឋបាលខណ្ឌមានជ័យ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌមានជ័យ លោកចៅសង្កាត់ស្ទឹងមានជ័យទី១ លោកចៅសង្កាត់បឹងទំពន់ទី២ លោកប្រធានភូមិទ្រា៣ លោកប្រធានភូមិត្នោតជ្រុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងថ្ងៃនោះ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ ព្រមទាំងក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុមវាលទី៨ មានកិត្តិយស ដោយលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ។
ក្នុងនាមតំណាងឲ្យការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ និងក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រុមវាលទី៨ មានកិត្តិយស ដោយបានទទួលការអនុញ្ញាតពីគណៈអធិបតី ដើម្បីឡើងធ្វើរបាយការណ៍អំពីដំណើរការ និងលទ្ធផលនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លី ស្ថិតនៅទីតាំងតំបន់ឆ្កៀល បុរីជាទី ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ និងបុរី៩៩៩ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនឹងត្រូវចែកប័ណ្ណកម្មសិទ្ធិចាប់ពីថ្ងៃនេះតទៅ។
ដោយមានការសហការយ៉ាងល្អពីអាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋម្ចាស់ដី បានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ បានចុះធ្វើការវាស់វែង និងប្រមូលទិន្នន័យក្បាលដី ដែលធ្វើឲ្យដំណើរការក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទទួលបានជោគជ័យជាលទ្ធផលសរុបប្រមូលបានចំនួន ៣២៤ក្បាលដី ក្នុងនោះបានស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានចំនួន ២៦៩ក្បាលដី និងមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានចំនួន ៥៥ក្បាលដី។
ទាំងនេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ ក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទី៨ និងមានការសហការល្អពីអាជ្ញាធរមូលដ្ឋាន ដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ រាល់ការបំពេញភារកិច្ចក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងមានការចូលរួមពីម្ចាស់ដីទាំងអស់ ដែលជំរុញឲ្យក្រុមការងារទទួលបានលទ្ធផលជាវិជ្ជមាន។
ជាទីបញ្ចប់សូមគោរពជូនពរដល់គណៈអធិបតី ភ្ញៀវកិត្តិយស អស់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។
ជាចុងបញ្ចប់នៃកម្មវិធី លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានរំលឹកបន្ថែមដល់ពុកម៉ែបងប្អូន ដែលជាមាតាបិតា សូមជំរុញកូនចៅរបស់លោកអ្នកដែលគ្រប់អាយុបោះឆ្នោតអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ៕

