សកម្មភាពចាក់ដីលុប និងដាំបង្គោលរបងឈើយ៉ាងរឹងមាំ ព័ទ្ធយកផ្ទៃប្រឡាយទឹកសាធារណៈ កំពុងកើតមានឡើងនៅក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង។
យោងតាមការចុះពិនិត្យផ្ទាល់របស់ក្រុមការងារព័ត៌មានយើង តាំងពីថ្ងៃទី២៧ ខែកក្កដា កន្លងទៅ យើងបានរាយការណ៍ករណីនេះជូនទៅអាជ្ញាធររួចរាល់ហើយ។ ជាការឆ្លើយតប អាជ្ញាធរបានចុះទៅទីតាំងផ្ទាល់ និងទុកពេលឱ្យម្ចាស់ទីតាំងរុះរើដោយខ្លួនឯង។ យ៉ាងណាមិញ គិតត្រឹមព្រឹកថ្ងៃម្សិលមិញ ទី០១ ខែសីហា ឆ្នាំ២០២៦ នេះ គេសង្កេតឃើញថាមិនទាន់មានសកម្មភាពរុះរើណាមួយនៅឡើយទេ។
ជុំវិញករណីនេះ លោក ជឺ គឹមហៃ អភិបាលស្រុកស្អាង បានឆ្លើយតបយ៉ាងខ្លីប្រាប់ក្រុមការងារយើងថា៖ «សាមីខ្លួនបានសន្យារើចេញដោយខ្លួនឯង»។
ដោយឡែក លោក ឈាង តាង មេឃុំព្រែកគយ បានឆ្លើយតបជាមួយក្រុមការងារយើងថា កន្លងមកខាងរដ្ឋបាលស្រុក រួមទាំងមន្ត្រីសុរិយោដី បានចុះទៅពិនិត្យ ធ្វើការហាមឃាត់ និងបានហៅម្ចាស់ទីតាំងទៅសាលាស្រុករួចហើយ។
លោកមេឃុំបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា៖ «ខ្ញុំនឹងចូលរួមសហការតែម្តង អត់ឱ្យធ្វើអញ្ចឹងទេ។ បើធ្វើអញ្ចឹងអត់កើតទេ បើយើងយកគំរូអញ្ចឹង វាទៅជារឿងមួយសម្រាប់គេគ្រប់គ្នាគេធ្វើអញ្ចឹងដែរហើយ គឺអត់បានទេ។ ខ្ញុំនៅតែបន្តសហការចូលរួម អត់ឱ្យធ្វើអញ្ចឹង លុបប្រឡាយដែលប្រជាជនប្រើប្រាស់អញ្ចឹងទេ»។
តើអាជ្ញាធរនឹងមានចំណាត់ការបែបណាទៀត ប្រសិនបើម្ចាស់ទីតាំងនៅតែមិនទាន់រុះរើរបងចេញពីប្រឡាយសាធារណៈ? The Real News យើងនឹងបន្តតាមដានករណីនេះជាបន្តបន្ទាប់៕

