អស់រយៈពេលជិត២ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋរស់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ត្រូវបង្ខំចិត្តស្រូបក្លិនឈួលចេញពីរោងចក្រផលិតសរសៃថ្នាំជក់ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ អ្វីដែលកាន់តែអាក្រក់ ទីតាំងនេះបានតទុយោបង្ហូរទឹកសំណល់ និងចោលកាកសំណល់ខូចគុណភាពចូលប្រឡាយសាធារណៈ ខណៈមន្ត្រីជំនាញចុះមកពិនិត្យរួច បែរជាអះអាងថា «គ្មានអ្វីគួរឱ្យកត់សម្គាល់ទេ»។
ពលរដ្ឋដែលមានលំនៅដ្ឋាន និងដីស្រែជាប់រោងចក្រខាងលើ បានរៀបរាប់ថា ក្លិនសាយភាយពេលខ្យល់បក់ម្តងៗ មានសភាពឈួលខ្លាំង បង្កឱ្យឈ្លក់ ថប់ដង្ហើម និងកើតជំងឺក្អក។ បញ្ហានេះប៉ះពាល់ប្រព័ន្ធផ្លូវដង្ហើមយ៉ាងខ្លាំង ជាពិសេសចាស់ជរា ក្មេងតូចៗ រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ។
ក្រៅពីការបំពុលខ្យល់ រោងចក្រនេះក៏បានបង្ហូរទឹកសំណល់ផ្ទាល់ចូលប្រឡាយ ខណៈក្រុមកម្មករបានយកសំរាម និងកាកសរសៃថ្នាំជក់ទៅបោះចោលតាមមាត់ទឹកថែមទៀត។ អ្នកភូមិបញ្ជាក់ថា ពួកគេគ្មានចេតនាច្រណែន ឬរារាំងការធ្វើអាជីវកម្មឡើយ តែសុំឱ្យម្ចាស់ទីតាំងគិតគូរដល់សុខភាពសាធារណៈ កុំដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ទុកឱ្យរាស្ត្ររងកម្ម។
ពួកគាត់បន្តថា កាលពីសប្តាហ៍មុន មានមន្ត្រីចុះទៅត្រួតពិនិត្យដែរ តែពុំមានលទ្ធផលអ្វីឡើយ ពោលគឺក្លិនអាក្រក់នៅតែបន្តសាយភាយពេញភូមិដដែល ក្រោយមន្ត្រីត្រឡប់ទៅវិញ។
ជុំវិញការលើកឡើងនេះ អ្នកសារព័ត៌មានមិនទាន់អាចទាក់ទងសុំការបំភ្លឺពីអ្នកគ្រប់គ្រងរោងចក្របានទេ គិតត្រឹមពេលនេះ។
យ៉ាងណាមិញ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានបំភ្លឺថា ទីតាំងនោះជាសហគ្រាសធុនតូចផលិតសរសៃថ្នាំជក់ឈ្មោះ «ស៊ីង ស៊ីង» មានលោក សុង ឌី ជាតំណាង ដែលដំណើរការតាំងពីអំឡុងឆ្នាំ២០២៤។ លោកបញ្ជាក់ថា ក្រោយការផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរស្រុក និងមន្ត្រីបរិស្ថាន បានចុះពិនិត្យជាក់ស្តែង ហើយវាយតម្លៃថា គ្មានការប៉ះពាល់បរិស្ថានធ្ងន់ធ្ងរទេ ដោយគ្រាន់តែណែនាំតំណាងសហគ្រាសឱ្យពង្រឹងការថែរក្សាបន្ថែម។ ទោះយ៉ាងណា លោកអះអាងថា បើនៅតែមានក្លិនបង្កបញ្ហាទៀត លោកនឹងចុះទៅពិនិត្យម្តងទៀត។
ដោយឡែក លោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល មិនបានពន្យល់លម្អិតជុំវិញករណីនេះឡើយ ដោយគ្រាន់តែតបសារខ្លីមួយម៉ាត់ថា «សូមអរគុណ»៕
