Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ផ្ទុះការតវ៉ា! ពលរដ្ឋជាង៣០គ្រួសារចោទក្រុមហ៊ុនឧកញ៉ា ថោង សារ៉ាត់ ចាក់ដីលុបផ្ទះ និងមិនទទួលស្គាល់ឯកសារទិញលក់
    សន្តិសុខសង្គម

    ផ្ទុះការតវ៉ា! ពលរដ្ឋជាង៣០គ្រួសារចោទក្រុមហ៊ុនឧកញ៉ា ថោង សារ៉ាត់ ចាក់ដីលុបផ្ទះ និងមិនទទួលស្គាល់ឯកសារទិញលក់

    August 14, 20264 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្តាល – សំឡេងត្អូញត្អែរទាមទាររកយុត្តិធម៌របស់ប្រជាពលរដ្ឋជាង៣០គ្រួសារបានផ្ទុះឡើងយ៉ាងក្តៅគគុកនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ក្រោយពេលដែលផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនលោកឧកញ៉ា ថោង សារ៉ាត់ យកគ្រឿងចក្រមកចាក់ដីកាយកប់ទាំងរស់ ខណៈឯកសារទិញលក់ស្របច្បាប់កន្លងមក បែរជាត្រូវបានក្រុមហ៊ុន និងអាជ្ញាធរបដិសេធចោល ដោយចាត់ទុកថាជាឯកសារក្លែងក្លាយ។

    យោងតាមកិច្ចសម្ភាសន៍ផ្ទាល់ ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់បានទិញដីនៅទីតាំងនេះពីក្រុមហ៊ុនលោកឧកញ៉ា ថោង សារ៉ាត់ តាំងពីឆ្នាំ២០០៥ និងឆ្នាំ២០០៨មកម៉្លេះ ដោយរាល់ឯកសារទិញលក់ទាំងអស់សុទ្ធតែមានស្នាមមេដៃចុះហត្ថលេខាពីលោកឧកញ៉ា ព្រមទាំងមានការវាយត្រាទទួលស្គាល់ពីមេភូមិ និងមេឃុំយ៉ាងត្រឹមត្រូវ។ ឯកសារទាំងនេះថែមទាំងត្រូវបានធនាគារទទួលស្គាល់ ដោយពលរដ្ឋខ្លះបានយកទៅដាក់បញ្ចាំ និងកំពុងជំពាក់បំណុលចំនួន៦៣០០ដុល្លារថែមទៀតផង។ យ៉ាងណាមិញ នៅពេលមានបញ្ហា ទាំងភាគីក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន បែរជាមិនទទួលស្គាល់ ដោយចាត់ទុកថាឯកសារទិញលក់ទាំងនោះជាឯកសារក្លែងក្លាយ ហើយថែមទាំងបានប្រាប់ពួកគាត់ថា «អត់សមស្របទេ អ្នកណាក៏ធ្វើបានដែរត្រាហ្នឹង»។

    អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺក្រុមហ៊ុនបានយកលេសថាចាក់ពង្រីកផ្លូវ រួចក៏យកគ្រឿងចក្រមកចាក់ដីលុបទីតាំងទាំងបំពាន ដោយគ្មានការជូនដំណឹងជាមុន។ សកម្មភាពនេះបានធ្វើឱ្យប៉ះពាល់ការរស់នៅយ៉ាងខ្លាំង ដោយពួកគាត់រៀបរាប់ថា ក្រុមហ៊ុនបានចាក់ដី «កាយកប់ផ្ទះ១កំណាត់» ធ្វើឱ្យដីហូរចូលចានឆ្នាំង និងមានទឹកផុសលិចកន្លែងដេក ដែលធ្វើឱ្យពួកគាត់រស់នៅលែងកើត។ លើសពីនេះ ខាងក្រុមហ៊ុនថែមទាំងបានកាត់យកដីពលរដ្ឋអស់៥ម៉ែត្រ ក្នុងចំណោមដីសរុប៨ម៉ែត្រទាំងបង្ខំ ហើយតម្រូវឱ្យពលរដ្ឋដោះដូរដីទៅទីតាំងផ្សេងដែលជាតំបន់លិចទឹក ឬបង្ខំឱ្យទទួលយកសំណងត្រឹមតែ៨០០ដុល្លារ ដើម្បីបញ្ចប់រឿង។

    ប្រឈមមុខនឹងបញ្ហានេះ ពលរដ្ឋបានប្រកាសជំហរដាច់ខាតដោយទាមទារសិទ្ធិរស់នៅទីតាំងដដែលវិញ។ តែបើក្រុមហ៊ុនចង់ទិញយក គឺត្រូវទិញតាមតម្លៃទីផ្សារ ដោយពួកគាត់បដិសេធដាច់ខាតមិនព្រមដោះដូរទីតាំងដីទៅកន្លែងផ្សេងឡើយ។ ទន្ទឹមនឹងនេះ ពួកគាត់បានអំពាវនាវយ៉ាងទទូចដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចតេជោ ហ៊ុន សែន និងអ្នកស្រី ហ៊ុន ស៊ីណាត ឱ្យជួយរកយុត្តិធម៌ ដើម្បីឱ្យពួកគាត់មានសង្ឃឹមរស់ និងមានលទ្ធភាពសងបំណុលធនាគារបន្តទៀត។

    ជុំវិញការចោទប្រកាន់ខាងលើនេះ អង្គភាពសារព័ត៌មានយើងបានព្យាយាមទាក់ទងសុំការបកស្រាយពីលោកឧកញ៉ា ថោង សារ៉ាត់ តាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) ដែរ ប៉ុន្តែទោះបីជាលោកបានចូលមើលសារ ក៏មិនមានការឆ្លើយតបនោះទេ។ ភ្លាមៗនោះ អ្នកសារព័ត៌មានយើងបានព្យាយាមហៅទូរស័ព្ទទៅកាន់លោក ដោយលើកទី១ ទូរស័ព្ទភ្ជាប់បានតែស្តាប់មិនបានច្បាស់រួចក៏ដាច់ទៅវិញ លុះព្យាយាមហៅបន្តបន្ទាប់ចំនួន៣ដងទៀត ក៏លែងអាចទាក់ទងបាន។ ទោះជាយ៉ាងណា អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំស្វាគមន៍ជានិច្ចនូវការបកស្រាយបំភ្លឺពីភាគីក្រុមហ៊ុនរៀងរាល់ម៉ោងធ្វើការ ដើម្បីធានាបាននូវតុល្យភាពព័ត៌មាន។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.