Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » តើការសាងសង់បណ្តាញអគ្គិសនី២២គីឡូវ៉ុល ពីលើលំនៅដ្ឋាន បង្កហានិភ័យដែរឬទេ? ខណៈពលរដ្ឋ១២គ្រួសារចេញមុខតវ៉ាឱ្យរុះរើបន្ទាន់
    សន្តិសុខសង្គម

    តើការសាងសង់បណ្តាញអគ្គិសនី២២គីឡូវ៉ុល ពីលើលំនៅដ្ឋាន បង្កហានិភ័យដែរឬទេ? ខណៈពលរដ្ឋ១២គ្រួសារចេញមុខតវ៉ាឱ្យរុះរើបន្ទាន់

    September 5, 20260 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពអាយុជីវិត បាននិងកំពុងកើតមានចំពោះប្រជាពលរដ្ឋចំនួន១២គ្រួសារ រស់នៅក្នុងភូមិចុងខ្សាច់ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន បន្ទាប់ពីមានការសាងសង់បង្គោលអគ្គិសនីខ្នាតធំ និងអូសខ្សែស្រាតកាត់ចំពីលើដំបូលផ្ទះរបស់ពួកគាត់ ដោយគ្មានការជូនដំណឹងជាមុន។ ក្តីបារម្ភនេះកាន់តែផ្ទុះឡើង ក្រោយមានករណីធ្លាក់ខ្ចៅប៊ូឡុងដែកធំៗពីលើបង្គោលមកលើដំបូល និងធ្លាក់ចូលក្នុងបរិវេណផ្ទះពលរដ្ឋអំឡុងពេលមានខ្យល់កន្ត្រាក់ថ្មីៗនេះ ដែលធ្វើឱ្យពួកគាត់រស់នៅក្នុងភាពភ័យខ្លាចរហូតដេកមិនលក់។

    ជុំវិញបញ្ហាដែលគំរាមកំហែងដល់អាយុជីវិតនេះ ក្រុមប្រជាពលរដ្ឋបានចេញមុខតវ៉ាដាច់អហង្ការទាមទារឱ្យមានការរុះរើបង្គោលនេះចេញជាបន្ទាន់។ ប្រជាពលរដ្ឋបានបញ្ជាក់ជំហរយ៉ាងដាច់ណាត់ថា ប្រសិនបើមិនព្រមរុះរើបង្គោលនេះចេញទេ គឺក្រុមហ៊ុនត្រូវតែទិញយកដីនិងផ្ទះរបស់ពួកគាត់ទាំងអស់ក្នុងតម្លៃដែលអាចទទួលយកបាន ទើបពួកគាត់ព្រមរុះរើចេញពីទីតាំងនេះ។ ជាមួយគ្នានេះ ពួកគាត់ក៏បានលើកឡើងជាចម្ងល់ផងដែរថា កន្លងមកធ្លាប់តែឃើញគេសាងសង់បង្គោលខ្នាតយក្សបែបនេះនៅតាមវាលស្រែ មិនមែនយកមកសាងសង់ចំកណ្តាលភូមិ និងអូសខ្សែរំលងដំបូលផ្ទះ ដែលពួកគាត់បានតាំងទីលំនៅជាង៣០ឆ្នាំមកហើយនោះទេ។ លើសពីនេះ ពួកគាត់បានបង្ហាញការហួសចិត្តយ៉ាងខ្លាំង នៅពេលដែលភាគីអ្នកសាងសង់បានប្រៀបធៀបការតម្រូវឱ្យពួកគាត់ធ្វើកិច្ចសន្យាទទួលយកបង្គោលភ្លើងនេះ ទៅនឹងការផ្តិតមេដៃយល់ព្រមឱ្យគ្រូពេទ្យព្យាបាលជំងឺ។ ប្រជាពលរដ្ឋបានចាត់ទុកការលើកឡើងបែបនេះថា ជារូបភាពដោះបន្ទុកការទទួលខុសត្រូវចោលទាំងស្រុង ដោយបារម្ភថាប្រសិនបើថ្ងៃមុខបង្គោលនេះបង្កគ្រោះថ្នាក់ដល់អាយុជីវិតដោយយថាហេតុ ភាគីក្រុមហ៊ុនអាចនឹងយកកិច្ចសន្យានេះមកធ្វើជាលេសរដោះខ្លួនពីសំណាញ់ច្បាប់។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ឹម យ៉ុង ចៅសង្កាត់ឈើខ្មៅ បានប្រាប់ឱ្យដឹងថា កាលពីដំបូងឡើយ គឺលោកមេភូមិជាអ្នករាយការណ៍ប្រាប់លោកថាមានក្រុមហ៊ុនចុះមកត្រៀមជីកបុកគ្រឹះសាងសង់។ ភ្លាមៗនោះ ដោយសារពុំទាន់មានពាក្យបណ្តឹងពីពលរដ្ឋ លោកក៏បានរាយការណ៍បន្តទៅលោកអភិបាលក្រុង ដោយគិតថាវាប្រហែលជាគ្រាន់តែប៉ះពាល់ដល់ចំណីផ្លូវប៉ុណ្ណោះ។ បន្ទាប់មក អាជ្ញាធរសង្កាត់ រួមទាំងថ្នាក់ក្រុង ក៏ធ្លាប់បានចុះទប់ស្កាត់ការសាងសង់នេះចំនួន២ដងផងដែរ ដើម្បីកុំឱ្យក្រុមហ៊ុនសាងសង់ជាប់ចំណីផ្លូវ ព្រោះបារម្ភខ្លាចប៉ះពាល់នៅពេលមានគម្រោងពង្រីកផ្លូវនៅថ្ងៃមុខ។ ប៉ុន្តែក្រោយមក នៅពេលទទួលបានដំណឹងថាថ្នាក់ខេត្តបានអនុញ្ញាតឱ្យក្រុមហ៊ុនសាងសង់ ទើបអាជ្ញាធរមូលដ្ឋានមិនហ៊ានឃាត់ឃាំងបន្ត។ លោកចៅសង្កាត់បានបន្ថែមថា លុះដល់ពេលក្រុមហ៊ុនសាងសង់រួចរាល់១០០ភាគរយ និងចាប់ផ្តើមរៀបចំតខ្សែភ្លើង ទើបប្រជាពលរដ្ឋមានការភ័យខ្លាច និងចេញមុខតវ៉ា។ ជុំវិញការស្វែងរកដំណោះស្រាយ លោកបញ្ជាក់ថា អាជ្ញាធរសង្កាត់គ្រាន់តែអនុញ្ញាតឱ្យប្រើប្រាស់សាលាសង្កាត់ជាកន្លែងជួបចរចា និងចូលរួមធ្វើជាសាក្សីប៉ុណ្ណោះ ព្រោះមិនមានជំនាញបច្ចេកទេសអគ្គិសនីឡើយ។ នៅក្នុងការចរចានោះ ទោះបីជាមានពលរដ្ឋខ្លះយោគយល់ក្តី ក៏នៅមានពលរដ្ឋ២ទៅ៣គ្រួសារ ដែលមានផ្ទះនៅកៀកបង្គោលបំផុតនោះ នៅតែប្រកាន់ជំហរមិនព្រមឱ្យអូសខ្សែភ្លើងកាត់ដំបូលផ្ទះរបស់ពួកគាត់ជាដាច់ខាត។

    យ៉ាងណាមិញ ការបំភ្លឺរបស់អាជ្ញាធរថ្នាក់សង្កាត់ខាងលើនេះ ហាក់បានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ពីចន្លោះប្រហោង និងភាពអសកម្មក្នុងការទទួលខុសត្រូវក្នុងនាមជាម៉ែឪមូលដ្ឋាន។ ការយកលេសថាខ្លួន «គ្មានជំនាញបច្ចេកទេស» ហើយដើរតួត្រឹមជា «សាក្សី» ដោយបណ្តោយឱ្យពលរដ្ឋរងគ្រោះតតាំងចរចាជាមួយក្រុមហ៊ុនធំដោយខ្លួនឯង ត្រូវបានគេមើលឃើញថាជារូបភាពដោះបន្ទុកយ៉ាងច្បាស់ក្រឡែត ព្រោះរឿងនេះមិនមែនជាវិវាទឯកជនឡើយ តែជាបញ្ហាសុវត្ថិភាពសាធារណៈ។

    ស្របពេលជាមួយគ្នានេះ លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន បានផ្តល់ការបំភ្លឺបន្ថែមជុំវិញភាពចម្រូងចម្រាសនេះថា កន្លងមកប្រជាពលរដ្ឋ និងភាគីក្រុមហ៊ុន ពិតជាធ្លាប់បានជួបចរចាដោះស្រាយគ្នានៅសាលាសង្កាត់ ហើយថែមទាំងបានឯកភាពគ្នាទៀតផង ប៉ុន្តែនៅពេលនោះអាជ្ញាធរសង្កាត់ពុំទាន់បានធ្វើកំណត់ហេតុជាលាយលក្ខណ៍អក្សរនោះទេ។ លោកអភិបាលក្រុងបានបន្តថា ក្រោយបញ្ចប់ការប្រជុំនៅថ្នាក់សង្កាត់ ស្រាប់តែប្រជាពលរដ្ឋបានបន្តដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋបាលខេត្តបន្ថែមទៀត។ ដើមឡើយ ខាងខេត្តបានរៀបចំអញ្ជើញភាគីពាក់ព័ន្ធមកដោះស្រាយនៅថ្ងៃទី២០ ប៉ុន្តែដោយសារទទួលបានព័ត៌មានថាភាគីទាំងពីរបានឯកភាពគ្នានៅថ្នាក់សង្កាត់មុនថ្ងៃទី២០នោះ ទើបខេត្តសម្រេចលើកពេលប្រជុំវិញ។ លោកបញ្ជាក់ថា ពេលនេះ នឹងមានការរៀបចំកោះហៅប្រជាពលរដ្ឋដើម្បីមកដោះស្រាយបញ្ហានេះជាថ្មីម្តងទៀត។

    ទោះជាយ៉ាងណាក៏ដោយ ការបកស្រាយរបស់លោកអភិបាលក្រុងសំពៅពូន បានបន្សល់ទុកនូវមន្ទិលសង្ស័យយ៉ាងធំទាក់ទងនឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល។ ការអះអាងថាពលរដ្ឋ «បានឯកភាពគ្នា» តែអាជ្ញាធរបែរជាគ្មានការធ្វើកំណត់ហេតុជាលាយលក្ខណ៍អក្សរ គឺជាការអនុវត្តការងារក្រៅស្តង់ដាររដ្ឋបាលយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត ប្រសិនបើប្រជាពលរដ្ឋពិតជាបានឯកភាពដោយស្ម័គ្រចិត្ត និងពេញចិត្តនឹងដំណោះស្រាយមែននោះ ពួកគេប្រាកដជាមិនបន្តរត់ទៅដាក់ពាក្យបណ្តឹងបន្ថែមភ្លាមៗក្រោយចប់ការប្រជុំនោះឡើយ។ ចំណុចនេះសបញ្ជាក់ឱ្យឃើញថា ការចរចានៅថ្នាក់មូលដ្ឋានអាចមានភាពមិនប្រក្រតី ឬរៀបចំឡើងដោយបង្ខិតបង្ខំផ្នែកស្មារតី ទើបធ្វើឱ្យបញ្ហានេះនៅតែអូសបន្លាយ និងរុញបន្ទុកដាក់គ្នាយ៉ាងដូច្នេះ។

    ដោយឡែក ដើម្បីស្វែងរកការពិតជុំវិញម្ចាស់គម្រោងនេះ តំណាងក្រុមហ៊ុនសាងសង់ បានប្រាប់បណ្តាញសារព័ត៌មានតាមទូរសព្ទថា នេះមិនមែនជាគម្រោងរបស់ក្រុមហ៊ុនឯកជនឡើយ តែវាជាគម្រោងវិនិយោគរបស់រដ្ឋ (អគ្គិសនីកម្ពុជា) ដើម្បីអូសបណ្តាញតង់ស្យុងមធ្យម២២គីឡូវ៉ុល ផ្គត់ផ្គង់ក្នុងតំបន់ក្រុងសំពៅពូន និងរុញបន្តទៅស្រុកលើកដែក រហូតដល់ព្រំដែនវៀតណាម ដោយសារតំបន់ចុងព្រំដែននោះកំពុងខ្វះខាតអគ្គិសនី។ លោកក៏បានបញ្ជាក់ដែរថា មូលហេតុដែលត្រូវសាងសង់បង្គោលដែកធំៗបែបនេះ គឺមានតែ២បង្គោលប៉ុណ្ណោះ ដើម្បីប្រើសម្រាប់អូសខ្សែឆ្លងកាត់ទន្លេ។ តំណាងក្រុមហ៊ុនរូបនេះ បានអះអាងថា ក្រុមហ៊ុនគ្រាន់តែជាអ្នកស៊ីឈ្នួលសាងសង់ឱ្យអគ្គិសនីកម្ពុជាប៉ុណ្ណោះ ហើយបច្ចុប្បន្នសកម្មភាពសាងសង់នៅទីតាំងនោះត្រូវបានផ្អាកជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំឱ្យអគ្គិសនីកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ជាអ្នកចុះមកដោះស្រាយជាមួយប្រជាពលរដ្ឋ។

    ស្រដៀងគ្នានេះដែរ លោក ជា សុធី មន្ត្រីជំនាញអគ្គិសនីកម្ពុជា (EDC) ក៏បានបំភ្លឺបន្ថែមថា គម្រោងនេះមិនមែនជាបណ្តាញតង់ស្យុងខ្ពស់ទេ តែជាបណ្តាញតង់ស្យុងមធ្យមកម្រិត២២គីឡូវ៉ុល។ លោកបានបន្តថា ការសាងសង់បង្គោលខ្ពស់ៗនេះ គឺដើម្បីអូសខ្សែឆ្លងកាត់ទន្លេបាសាក់កុំឱ្យទាក់នាវាចរ រួចទើបតភ្ជាប់មកបង្គោលមូលវិញ ដោយប្រើខ្សែ៣សរសៃ (ប្រភេទខ្សែស្រោប និងខ្សែស្រាត) ដូចទៅនឹងបណ្តាញតង់ស្យុងមធ្យមតាមមុខផ្ទះដែរ ហើយទាល់តែឆ្លងកាត់ត្រង់ស្វូ ទើបទម្លាក់វ៉ុលឱ្យពលរដ្ឋប្រើប្រាស់បាន។

    យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជន និងអ្នកជំនាញ កាន់តែមានមន្ទិលសង្ស័យលើស្តង់ដារសុវត្ថិភាពនោះគឺ នៅពេលអ្នកសារព័ត៌មានចោទសួរពីលក្ខខណ្ឌគម្លាតសុវត្ថិភាព ខណៈខ្សែស្រាតតង់ស្យុងមធ្យមនេះអូសពីលើផ្ទះ និងសំយាបផ្ទះពលរដ្ឋ លោក ជា សុធី បែរជាមិនអាចបញ្ជាក់ពីលក្ខណៈបច្ចេកទេសឱ្យបានច្បាស់លាស់ភ្លាមៗនោះទេ ដោយលោកបានត្រឹមប្រាប់ឱ្យអ្នកសារព័ត៌មានទៅស្រាវជ្រាវរកមើលបទដ្ឋានបច្ចេកទេសនៅលើគេហទំព័ររបស់ EDC ដោយខ្លួនឯងទៅវិញ។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.