Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » មេឃុំគគីរធំភូតកុហកថ្នាក់លើការពារបទល្មើសចាក់ខ្សាច់សង់កំពង់ផែនៅភូមិពោធិ៍មៀវ ខណៈខេត្តចេញបញ្ជាបិទបន្ទាន់!
    សន្តិសុខសង្គម

    មេឃុំគគីរធំភូតកុហកថ្នាក់លើការពារបទល្មើសចាក់ខ្សាច់សង់កំពង់ផែនៅភូមិពោធិ៍មៀវ ខណៈខេត្តចេញបញ្ជាបិទបន្ទាន់!

    September 18, 20260 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    (កណ្ដាល)៖ ពិតជាថ្លើមធំមែន! មេឃុំគគីរធំ ហ៊ានភូតកុហកថ្នាក់លើដើម្បីការពារសកម្មភាពចាក់ខ្សាច់លុបចំណីទន្លេសាងសង់កំពង់ផែឡើងប្រេងឥន្ធនៈរបស់បុគ្គលមានលុយម្នាក់ នៅក្នុងស្រុកកៀនស្វាយ។ យ៉ាងណាមិញ ក្រោយបែកធ្លាយការពិតថាមិនមានច្បាប់ទម្លាប់ត្រឹមត្រូវ រដ្ឋបាលខេត្តកណ្ដាលបានចេញបញ្ជាភ្លាមៗឱ្យអាជ្ញាធរស្រុកចុះទប់ស្កាត់ និងផ្អាកសកម្មភាពនេះជាបន្ទាន់។

    ចំណាត់ការក្ដៅនេះ ធ្វើឡើងក្រោយមានសេចក្តីរាយការណ៍ពីភាពមិនប្រក្រតីនៅថ្នាក់មូលដ្ឋាន។ ជាក់ស្តែងជុំវិញការដ្ឋាននេះ លោក ផន ណារ័ត្ន មេឃុំគគីរធំ បានឆ្លើយដោះសារថា ទីតាំងនេះមានច្បាប់ជាគម្រោងសង់កំពង់ផែសម្រាប់ឡើងប្រេងឥន្ធនៈ ប៉ុន្តែលោកមេឃុំបែរជាមិនអាចបញ្ជាក់បានថា ជារបស់ក្រុមហ៊ុនអ្វី និងមានច្បាប់អនុញ្ញាតដល់កម្រិតណានោះឡើយ។

    ទាក់ទិននឹងភាពផ្ទុយគ្នានេះ លោក ឌឹម បូរ៉ា អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកណ្ដាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយទទួលបានសេចក្តីរាយការណ៍ លោកបានបញ្ជាផ្ទាល់ទៅកាន់លោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ ឱ្យចុះផ្អាកទីតាំងសំណង់នេះភ្លាមៗ។ ទោះជាយ៉ាងណា អភិបាលស្រុករូបនេះ មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមបានឡើយ។

    ក្រៅពីភាពស្រពេចស្រពិលរបស់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធក៏បានរុញទម្លាក់ការទទួលខុសត្រូវដាក់គ្នាផងដែរ។ លោក កែ សាវី ក្រុមការងារចុះពិនិត្យតំណាងឱ្យលោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹកខេត្ត ក៏បានអះអាងដែរថាទីតាំងនេះមានច្បាប់ រួចរុញទម្លាក់ការទទួលខុសត្រូវឱ្យទៅសួរខាងមន្ទីររ៉ែ និងថាមពលវិញ ដោយលើកឡើងថាខាងរ៉ែទើបដឹងរឿងនេះច្បាស់ជាង។ ផ្ទុយទៅវិញ លោក ប៉ុន ប៉ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល បានបញ្ជាក់យ៉ាងខ្លីថា ខ្លួនពុំបានដឹងពីរឿងនេះទាល់តែសោះ។

    ជុំវិញករណីចាក់ខ្សាច់រំលោភចំណីទន្លេនៅភូមិពោធិ៍មៀវ ឃុំគគីរធំ យ៉ាងគឃ្លើននេះ បានធ្វើឱ្យមហាជនដាក់ការសង្ស័យថា ទំនងជាអាចមានការឃុបឃិតលាក់បាំងពីសំណាក់អាជ្ញាធរថ្នាក់មូលដ្ឋាន ទើបសកម្មភាពនេះអាចសម្រុកធ្វើទាំងយប់ទាំងថ្ងៃដោយរលូនអស់រយៈពេលជាង១សប្ដាហ៍។ យ៉ាងណាមិញ មហាជនកំពុងរង់ចាំតាមដានបន្តថា តើថ្នាក់ដឹកនាំខេត្ត និងស្ថាប័នពាក់ព័ន្ធ នឹងមានចំណាត់ការផ្លូវច្បាប់កម្រិតណាទៀតទៅលើម្ចាស់ការដ្ឋាន រួមទាំងមន្ត្រីដែលជាប់សង្ស័យក្នុងរឿងនេះ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.