ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់អនឡាញតាមកុំព្យូទ័រ) មួយកន្លែង នៅភូមិអន្លង់ធំ ឃុំព្រែកអំបិល ស្រុកស្អាង។ ក្នុងប្រតិបត្តិការនេះ ជនសង្ស័យប្រហែល ៨ នាក់ បានរត់គេចខ្លួនបាត់អស់ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានពីគណនីតេលេក្រាមមួយឈ្មោះ V T ដែលបានបង្ហោះរូប និងអំពាវនាវឲ្យសមត្ថកិច្ចជួយបង្ក្រាបទីតាំងនេះ។ ក្រោមការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានដឹកនាំកម្លាំងជំនាញចុះទៅស្រាវជ្រាវ និងបង្ក្រាបភ្លាមៗ។
ពេលកម្លាំងសមត្ថកិច្ចទៅដល់ផ្ទះរបស់ឈ្មោះ ហិន អរ ជនសង្ស័យដែលកំពុងលេងល្បែងស៊ីសង បានឃើញសមត្ថកិច្ច ក៏បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។ ក្រុមការងារបានដកហូតវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ រួមមាន កុំព្យូទ័រលើតុមួយគ្រឿង ក្តារចុច ម៉ៅ និងដុំ WiFi ។
បច្ចុប្បន្ន វត្ថុតាងទាំងនេះត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង។ ចំពោះជនសង្ស័យ កម្លាំងជំនាញនឹងបន្តស្រាវជ្រាវស្វែងរកម្ចាស់ទីតាំង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។


