ឧត្តរមានជ័យ៖ បុរសជាប្អូនថ្លៃម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឃាតកម្មយ៉ាងសាហាវ យកកាំបិតខ្វែវកាប់ទៅលើបងថ្លៃស្រីរបស់ខ្លួនបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ករណីដ៏តក់ស្លុតនេះបណ្ដាលមកពីជនដៃដល់ខឹងសម្បារនឹងបងថ្លៃដែលដឹងរឿងប្រពន្ធរបស់ខ្លួនមានសាហាយស្មន់ តែមិនព្រមប្រាប់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ សីហា ២០២៥ វេលាម៉ោង ១១:៣៥នាទី នៅចំណុចតូបធ្វើក្រចក ស្ថិតនៅមុខផ្សារអំពិល ភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
យោងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនបង្កហេតុមានឈ្មោះ ណាង វីន (ប្រុស, ៤៦ឆ្នាំ) រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ សាវឿន សុជាតិ (ស្រី, ៤៥ឆ្នាំ) មុខរបរជាងធ្វើក្រចក ដែលត្រូវជាបងថ្លៃរបស់ខ្លួន កំពុងដេកនៅលើអង្រឹង។ ការកាប់ប្រហារជាច្រើនកាំបិតនេះបានបណ្ដាលឲ្យជនរងគ្រោះដាច់ដៃជើង និងស្លាប់ភ្លាមៗនៅនឹងកន្លែង។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃអំពើឃាតកម្មនេះគឺជនបង្កខឹងប្រពន្ធខ្លួនមានសាហាយស្មន់ ហើយក៏ខឹងនឹងបងថ្លៃស្រីដែលដឹងរឿងនេះ តែនៅលាក់បាំងមិនព្រមប្រាប់។
ក្រោយទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ហា HOTLINE ១១៧ កម្លាំងជំនាញបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនបង្កបានភ្លាមៗ។ បច្ចុប្បន្ន ជនបង្កត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្ត។

