ខេត្តកណ្ដាល៖ ករណីគ្រូបង្រៀនវាយសិស្សបណ្ដាលឲ្យជាំគូទ ត្រូវបានបញ្ចប់ដោយសន្តិវិធី ក្រោយពីអាជ្ញាធរខេត្តកណ្ដាល និងស្ថាប័នពាក់ព័ន្ធជាច្រើន បានចុះអន្តរាគមន៍ដោះស្រាយ និងសម្របសម្រួលជូនក្រុមគ្រួសារសិស្សរងគ្រោះ។ ក្នុងនោះអ្នកគ្រូក៏បានទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើអំពើហិង្សាលើសិស្សបន្តទៀត។
អាណាព្យាបាលរបស់សិស្សរងគ្រោះបានបង្ហាញក្ដីកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត ដែលបានតាមដាន និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីនេះ។ ក្នុងកិច្ចសម្របសម្រួលនេះ មានការចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត, លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោកជំទាវប្រធាន គកសក ខេត្តកណ្ដាល រដ្ឋបាលសង្កាត់តាខ្មៅ និងក្រុមការងារមន្ទីរពាក់ព័ន្ធទាំងអស់។
នៅចំពោះមុខសមត្ថកិច្ច និងក្រុមការងារ អ្នកគ្រូដែលជាជនបង្កបានទទួលស្គាល់កំហុសរបស់ខ្លួន ហើយបានសុំការអធ្យាស្រ័យពីអាណាព្យាបាលសិស្ស។ ក្នុងនោះ អ្នកគ្រូក៏បានសន្យាយ៉ាងច្បាស់លាស់ថា នឹងបញ្ឈប់ការវាយដំសិស្សឲ្យមានរបួសស្នាមចាប់ពីពេលនេះតទៅ។
អាណាព្យាបាលសិស្សបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានប្រតិកម្មរហ័ស ពិនិត្យ តាមដាន និងដោះស្រាយបញ្ហាជូនបានយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

