កណ្ដាល៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកោះធំឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅមាត់ព្រែកឌុយ។ សមត្ថកិច្ចបានរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនជិត ៨ក្រាម។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ សីហា ២០២៥ វេលាម៉ោង ១៥:៥០នាទី នៅលើផ្លូវលំមាត់ព្រែកឌុយ ស្ថិតក្នុងភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថាមានមុខសញ្ញាកំពុងធ្វើសកម្មភាពលក់និងចែកចាយគ្រឿងញៀន កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកកោះធំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលពោធិបាន បានចុះធ្វើការបង្ក្រាប។ ពេលទៅដល់ទីតាំង សមត្ថកិច្ចបានឃើញជនសង្ស័យឈ្មោះ មោក ហុក (ប្រុស, ៤៥ឆ្នាំ) កំពុងជិះម៉ូតូតែម្នាក់ឯងធ្វេសកម្មភាពលក់ថ្នាំញៀន។
ភ្លាមៗនោះ សមត្ថកិច្ចបានស្ទាក់ឃាត់ខ្លួនជនសង្ស័យ ហើយត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកក ១កញ្ចប់មធ្យម ដែលមានទម្ងន់ ៧,៣៧ក្រាម លាក់ទុកក្នុងឃ្លុបម៉ូតូ។ ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានដកហូតទូរស័ព្ទដៃ ១គ្រឿង និងឧបករណ៍កែច្នៃសម្រាប់ជក់ និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំផងដែរ។ តាមការធ្វើតេស្ត ជនសង្ស័យមានលទ្ធផលវិជ្ជមាន(+)សារធាតុញៀន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀននោះជារបស់ខ្លួន ហើយបានពឹងមិត្តភក្ដិឈ្មោះ នន់ (ប្រុស, ប្រហែល ៣៧ឆ្នាំ) ឲ្យទៅទិញមកក្នុងតម្លៃ ៦៥០.០០០រៀល ដើម្បីយកមករំលែកវេចខ្ចប់លក់ចែកចាយបន្ត។ ជនសង្ស័យក៏បានសារភាពទៀតថា ខ្លួនតែងតែផ្ញើលុយតាមរយៈឈ្មោះ នន់ ដើម្បីទិញគ្រឿងញៀនអស់រយៈពេលជាង ៥ខែមកហើយ។ ភ្លាមៗក្រោយទទួលបានចម្លើយនេះ កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនឈ្មោះ នន់ តែជនសង្ស័យបានគេចខ្លួនបាត់ពីមូលដ្ឋាន។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ មោក ហុក រួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

