កណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងរវាងរថយន្ត ៣គ្រឿង និងម៉ូតូ ១គ្រឿង បណ្ដាលឲ្យមនុស្ស ៣នាក់រងរបួស ក្នុងនោះរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាក Alphard បើកបរដោយធ្វេសប្រហែស។ ករណីនេះបានកើតឡើងនៅថ្ងៃទី២២ សីហា ២០២៥ វេលាម៉ោង ៦:៤០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រទី១៩-២០ ក្នុងភូមិស្លាបតអោន ឃុំគគីរ ស្រុកកៀនស្វាយ។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា រថយន្តម៉ាក Toyota Alphard ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CA-1292 បើកបរដោយឈ្មោះ សឿន សារឹត (ប្រុស, ៣៤ឆ្នាំ) បានបើកក្នុងទិសដៅពីកើតទៅលិច។ ពេលមកដល់កន្លែងកើតហេតុ រថយន្ត Alphard បានរេចង្កូតចូលទៅបុកកង់ក្រោយរថយន្តម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខរដ្ឋ 25.2.1229 បើកបរដោយឈ្មោះ សែន គឹមជឿន (ប្រុស, ៣២ឆ្នាំ) ដែលបើកបរបញ្ច្រាសទិសគ្នា។
លោកអធិការបានបន្តថា ក្រោយពីបុក Mazda រួច រថយន្ត Alphard ក៏បានបន្តរេចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Ssangyong Rexton ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BG.6925 បើកបរដោយឈ្មោះ អុឹង ឆាយម៉េង (ប្រុស, ៤៤ឆ្នាំ)។ ក្នុងពេលជាមួយគ្នានោះដែរ ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឃ 3769 ក.ណ ដែលបើកបរដោយឈ្មោះ សម ស៊ីម (ប្រុស, ៦០ឆ្នាំ) និងមានអ្នករួមដំណើរជាប្រពន្ធឈ្មោះ តូច សាវី (ស្រី, ៥៧ឆ្នាំ) ក៏បានបុកពីក្រោយរថយន្ត Ssangyong យ៉ាងពេញទំហឹងផងដែរ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យអ្នករួមដំណើរក្នុងរថយន្ត Alphard ឈ្មោះ TANG XIAOSHAN (ប្រុស, ៤៣ឆ្នាំ) ជនជាតិចិន រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជននៅភ្នំពេញ។ ចំណែកអ្នកបើកបរម៉ូតូ និងប្រពន្ធរបស់គាត់រងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។ យានយន្តពាក់ព័ន្ធទាំងអស់រងការខូចខាតស្រាល។
តាមការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត Alphard បើកបរធ្វេសប្រហែស រំលោភចូលចំណែកផ្លូវរបស់រថយន្តដែលបើកមកពីទិសដៅផ្ទុយ។ បច្ចុប្បន្ន អ្នកបើកបររថយន្ត Alphard ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយមធ្យោបាយពាក់ព័ន្ធត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។

