កណ្ដាល៖ ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅមានការសាទរយ៉ាងខ្លាំង ខណៈដែលកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ២នាក់បានទាន់ពេល មុនពួកគេធ្វើសកម្មភាពលួច។ ជនសង្ស័យទាំងពីររូបត្រូវបានរកឃើញថាមានកាន់កាប់អាវុធប្រហារ (កាំបិតបុ័ងតោ) និងឧបករណ៍សម្រាប់ឆ្កឹះសោដោយខុសច្បាប់ ហើយពួកគេក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ សីហា ២០២៥ វេលាម៉ោង ២:៣០នាទីរំលងអធ្រាត្រ នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ឡេង ម៉ាលិ (ប្រុស, ២៧ឆ្នាំ) និងឈ្មោះ ណាគ្រី ភារម្យ (ប្រុស, ២០ឆ្នាំ)។ ជនសង្ស័យទាំងពីរនាក់គ្មានមុខរបរពិតប្រាកដ រស់នៅភូមិផ្សាកណ្ដាល សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។
លោកអធិការបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅពេលដែលកម្លាំងសមត្ថកិច្ចកំពុងចុះល្បាតក្នុងមូលដ្ឋាន ហើយបានប្រទះឃើញជនសង្ស័យទាំងពីរនាក់កំពុងស្ពាយកាបូបដើរតាមផ្លូវដោយមានការសង្ស័យ។ ពេលនោះ សមត្ថកិច្ចបានឃាត់ឲ្យពួកគេឈប់ដើម្បីធ្វើការឆែកឆេរ ហើយក៏រកឃើញវត្ថុតាងមានកាំបិតបុ័ងតោ ២ដើម និងឧបករណ៍សម្រាប់ឆ្កឹះសោ ១ នៅក្នុងកាបូបរបស់ពួកគេ។ ភ្លាមៗ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពថា កាំបិតបុ័ងតោ និងឧបករណ៍សម្រាប់ឆ្គឹះសោនោះពិតជារបស់ពួកគេមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធីច្បាប់។

