កណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះទុកចោលមួយកន្លែង។ ក្នុងប្រតិបត្តិការនេះ មេក្លោងបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ សីហា ២០២៥ វេលាម៉ោង ១៤:២០នាទី នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ វឿន សុខណា (ប្រុស, ២២ឆ្នាំ) ដែលជាអ្នកជួញដូរ និងឈ្មោះ រិន ពេជ្រសង្វា (ហៅប្លោក) (ប្រុស, ១៨ឆ្នាំ) ដែលជាអ្នកប្រើប្រាស់។ ចំណែកជនសង្ស័យមេក្លោងឈ្មោះ ចាស់ (ប្រុស, ប្រហែល ៤១ឆ្នាំ) បានរត់គេចខ្លួនបាត់។ សមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន ១កញ្ចប់តូច ដែលមានទម្ងន់ ០,១២ក្រាម, ទូរស័ព្ទដៃ ១គ្រឿង និងសម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន។
លោកអធិការបានបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំបានចុះទៅដល់ទីតាំងភ្លាមៗ ហើយបានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ។ ពេលត្រួតពិនិត្យ សមត្ថកិច្ចរកឃើញថ្នាំញៀន ១កញ្ចប់តូច។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វឿន សុខណា បានសារភាពថា ថ្នាំញៀននេះគឺជារបស់ឈ្មោះ ចាស់ ដែលបានឲ្យខ្លួនទុកប្រើប្រាស់ និងលក់បន្តចំនួន ៥ដងមកហើយ។ ចំណែកជនសង្ស័យឈ្មោះ រិន ពេជ្រសង្វា បានសារភាពថាខ្លួនបានមកទិញថ្នាំញៀនពីឈ្មោះ ចាស់ ក្នុងតម្លៃ ១០.០០០រៀល។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

