កណ្ដាល៖ ករណីឃាតកម្មដ៏កម្រមួយបានកើតឡើងនៅក្រុងតាខ្មៅ ខណៈដែលបុរសជាប្ដីបានច្របាច់កប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់ ហើយបានចូលខ្លួនទៅសារភាពប្រាប់សមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ សីហា ២០២៥ វេលាម៉ោង ១៦:២៦នាទី នៅបន្ទប់ជួលមួយកន្លែងក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កៃ សីហា (ប្រុស, ២៥ឆ្នាំ) មុខរបរកម្មកររោងចក្រ ដែលត្រូវជាប្ដីរបស់ជនរងគ្រោះ។ ចំណែកជនរងគ្រោះមានឈ្មោះ រិទ្ធ ស្រីរ័ត្ន (ស្រី, ២៩ឆ្នាំ) មុខរបរបុគ្គលិកខារ៉ាអូខេ បានស្លាប់នៅកន្លែងកើតហេតុ។
លោកអធិការបានបន្តថា តាមការបំភ្លឺពីម្តាយមីងជនរងគ្រោះ បានឲ្យដឹងថា គូស្វាមីភរិយាមួយគូនេះតែងតែឈ្លោះគ្នាជាញឹកញាប់ដោយសារភ្លើងប្រចណ្ឌ។ នៅមុនពេលកើតហេតុ វេលាម៉ោង ៤:២៥នាទីទាបភ្លឺ ជនរងគ្រោះនិងជនសង្ស័យបានឈ្លោះគ្នាខ្លាំងៗ រហូតដល់ម្តាយមីងចូលទៅមើល។ ក្រោយមក ជនសង្ស័យបានដេញម្តាយមីងចេញក្រៅ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោង ៥:៥០នាទីព្រឹក ប្រពន្ធបានត្រឡប់មកពីធ្វើការ ហើយបានជេរប្រមាថមាក់ងាយប្ដី ខណៈដែលនាងកំពុងស្រវឹងស្រាផង។ ក្រោយពីឈ្លោះប្រកែកគ្នា ជនរងគ្រោះបានយកខ្សែភ្លើងវាយត្រូវដៃជនសង្ស័យ ហើយក៏មានការប្រតាយប្រតប់គ្នារុញច្រាន រហូតជនរងគ្រោះដួលចូលបន្ទប់ទឹក។
ពេលនោះ ជនសង្ស័យបានធ្វើសកម្មភាពច្របាច់កប្រពន្ធប្រហែល ១នាទី រហូតដល់នាងស្លាប់បាត់បង់ជីវិត។ ក្រោយមក ជនសង្ស័យបានអូសម៉ូតូចេញទៅខាងក្រៅ ហើយចាក់សោរបន្ទប់ទុកចោល។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានចូលខ្លួនទៅសារភាពនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
លោកអធិការបានបញ្ជាក់ថា តាមការពិនិត្យកោសល្យវិច័យ សពជនរងគ្រោះបានស្លាប់ដោយសារស្ទះផ្លូវដង្ហើម ក្នុងករណីឃាតកម្ម។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យនៅវត្តព្រែកសំរោង ក្រុងតាខ្មៅ។

