កណ្ដាល៖ កូនប្រុសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួចមានសភាពបែក ហើយបានយកកាំបិតប៉័ងតូគំរាមកាប់សម្លាប់ឪពុកបង្កើតរបស់ខ្លួន បន្ទាប់ពីបានវាយបំផ្លាញសម្ភារៈក្នុងផ្ទះ។ ហេតុការណ៍ហិង្សាក្នុងគ្រួសារនេះបានកើតឡើងនៅថ្ងៃទី២៨ សីហា ២០២៥ វេលាម៉ោង ១៩:៣០នាទី នៅភូមិស្វាយពងអង្ក្រង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។
យោងតាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ អែល អូន (ប្រុស, ៨៧ឆ្នាំ) ដែលត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ បានឲ្យដឹងថា នៅវេលាកើតហេតុ ជនសង្ស័យឈ្មោះ អន គឹមលាង (ប្រុស, ៣៧ឆ្នាំ) ក្រោយពីផឹកស្រានិងប្រើប្រាស់ថ្នាំញៀនរួច មានសភាពបែកថ្នាំ ហើយបានមកអុកឡុកក្នុងផ្ទះ វាយបំបែកថូផ្កា និងទូរទឹកកក។ លើសពីនេះ ជនសង្ស័យបានកាន់កាំបិតប៉័ងតោ និងកាំបិតចុងស្រួច ស្រែកគំរាមរកសម្លាប់ជនរងគ្រោះ និងអ្នករស់នៅក្នុងផ្ទះថែមទៀតផង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលកោះអន្លង់ចិន។ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតវត្ថុតាងមានកាំបិតប៉័ងតោ ១ដើម និងកាំបិតចុងស្រួច ១ដើម។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើប្រាកដមែន។ តាមការពិនិត្យ ជនសង្ស័យមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធី។

