កណ្ដាល៖ ជនសង្ស័យ ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន ខណៈកំពុងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២:០០នាទីរំលងអធ្រាត្រ នៅក្រោមផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់សុទ្ធសឹងជាបុរស។ ក្នុងនោះ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សៅ បូរ៉ា (៣៥ឆ្នាំ), ឈ្មោះ ឌុល បឿន (៣៦ឆ្នាំ) និងឈ្មោះ ម៉ាប់ ផានិត (៣០ឆ្នាំ)។ ពួកគេទាំងបីនាក់មានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។ ចំណែកជនសង្ស័យដែលរត់គេចខ្លួនបាត់មានឈ្មោះ ភា ផាក់ (២៨ឆ្នាំ) និងឈ្មោះ សេ ស៊ីណា (៣៦ឆ្នាំ)។
សមត្ថកិច្ចបានបន្តថា នៅវេលាកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល សហការជាមួយកម្លាំងប្រជាការពារ បានចុះល្បាតក្នុងមូលដ្ឋាន ហើយប្រទះឃើញជនសង្ស័យទាំង ៥នាក់កំពុងប្រើប្រាស់គ្រឿងញៀននៅក្រោមផ្ទះរបស់ឈ្មោះ ម៉ាប់ ផានិត។ ភ្លាមៗនោះ សមត្ថកិច្ចបានចូលទៅឃាត់ខ្លួនបានជនសង្ស័យ ៣នាក់ ចំណែក ២នាក់ទៀតបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងដកហូតវត្ថុតាងមានម្សៅក្រាមប្រភេទមេតំហ្វេតាមីនចំនួន ៣កញ្ចប់តូច ដែលមានទម្ងន់សរុប ០,៤០ក្រាម, ទូរស័ព្ទដៃ ១គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់បានសារភាពថា ថ្នាំញៀននោះពិតជារបស់ពួកខ្លួនដែលបានស្រាក់លុយគ្នាទិញពីបុរសម្នាក់ឈ្មោះ យុទ្ធ ដើម្បីយកមកប្រើប្រាស់ជាមួយគ្នា។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

