កណ្ដាល៖ បុរសជាប្ដីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីយកដំបងដែកវាយទៅលើប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់ ហើយបានសម្រេចចិត្តចូលខ្លួនទៅសារភាពប្រាប់សមត្ថកិច្ច។ ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅថ្ងៃទី៣១ សីហា ២០២៥ វេលាម៉ោង ២១:៣០នាទីយប់ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភិន រ៉ា (ប្រុស, ៤១ឆ្នាំ) មុខរបរកម្មកររោងចក្រ ដែលត្រូវជាប្ដីរបស់ជនរងគ្រោះឈ្មោះ ហៀង យ៉ាត (ស្រី, ៣៧ឆ្នាំ)។ ជនសង្ស័យគ្មានសារធាតុញៀនក្នុងខ្លួនទេ។ វត្ថុតាងដែលប្រើសម្រាប់ធ្វើសកម្មភាពគឺដំបងដែកទីបមួយកំណាត់ ដែលជនសង្ស័យបានបោះចោលក្នុងព្រៃក្បែរភូមិ។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានចេញទៅផឹកស្រាជាមួយបងប្អូន។ លុះដល់ម៉ោង ៦:០០នាទីល្ងាច ជនសង្ស័យបានត្រឡប់មកដល់ផ្ទះ តែមិនឃើញប្រពន្ធ។ គាត់ក៏បានដើររក ហើយឃើញប្រពន្ធកំពុងផឹកស្រានៅផ្ទះមិត្តភក្ដិ។ ពេលនោះ ជនសង្ស័យក៏បានឈ្លោះប្រកែកជាមួយប្រពន្ធ និងវាយនាងបន្តិចបន្តួច។ ជនរងគ្រោះបានរត់មកផ្ទះ ហើយលាក់ខ្លួននៅក្នុងបន្ទប់។ នៅពេលជនសង្ស័យមកដល់ផ្ទះវិញ គាត់បានសួរកូន ប៉ុន្តែកូនបានឆ្លើយថាមិនឃើញម្ដាយ ហើយដើរចេញបាត់ទៅ។
រហូតដល់ម៉ោងកើតហេតុ ជនសង្ស័យបានរកប្រពន្ធឃើញ ហើយយកដំបងដែកទីបវាយទៅលើប្រពន្ធជាច្រើនដំបង បណ្ដាលឲ្យនាងស្លាប់ភ្លាមៗនៅក្រោមសំយាបផ្ទះបាយ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនមួយសន្ទុះ ដោយយកដំបងទីបទៅបោះចោលក្នុងព្រៃ រួចក៏បានដើរទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។
តាមការពិនិត្យសាកសពដោយកម្លាំងជំនាញកោសល្យវិច័យ និងក្រុមគ្រូពេទ្យ សពមានស្នាមបែកនៅក្បាលចំនួន ៣កន្លែង និងស្នាមជាំនៅក កែងស្មា និងកែងដៃ។ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតទេ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវាយប្រពន្ធរហូតដល់ស្លាប់ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។

