កណ្ដាល៖ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ក្នុងករណីគ្រឿងញៀនផ្សេងគ្នា។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១១:៤០នាទី នៅភូមិដើមឬស និងភូមិរលាំងកែន ក្នុងស្រុកកណ្ដាលស្ទឹង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ វ៉ន សុខឃីម (ប្រុស, ៣៦ឆ្នាំ) ដែលមានដីកាចាប់ខ្លួនពីសាលាដំបូងខេត្តកណ្ដាល លេខ ៥២៣ដកបចខ ចុះថ្ងៃទី២៩ ខែមេសា ២០១៥ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរូបនេះនៅភូមិដើមឬស ឃុំដើមឬស។
ចំណែកជនសង្ស័យទី២ មានឈ្មោះ ហ៊ីង រស្មី ហៅ ប៉ែត (ប្រុស, ២៤ឆ្នាំ) ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល លេខ ៣២២ចខ/ឌ ចុះអំឡុងខែកញ្ញា ២០២៤ ពីបទសមគំនិតនៅក្នុងអំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅភូមិរលាំងកែន ឃុំរលាំងកែន។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឬស និងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងកែន រួមទាំងកម្លាំងកងអាវុធហត្ថស្រុក។ ជនសង្ស័យទាំងពីរនាក់ត្រូវបានធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន(- )។ នៅពេលឃាត់ខ្លួន សមត្ថកិច្ចមិនបានរកឃើញវត្ថុតាងអ្វីជាប់ខ្លួននោះទេ។
បច្ចុប្បន្ន ជនជាប់ចោទទាំងពីរនាក់កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី។

