កណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយបានកើតឡើងនៅស្រុកកៀនស្វាយ រវាងរថយន្តដឹកកម្មករ និងម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងស្ត្រី ២នាក់ទៀតរងរបួសធ្ងន់។ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។ ករណីនេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១៩:៤៥នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រទី៣០-៣១ ក្នុងភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក Hyundai Mighty ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B 4559 ដែលកែច្នៃសម្រាប់ដឹកកម្មករ បានបើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ។ ពេលមកដល់ចំណុចកើតហេតុ រថយន្តបានបើកបត់ឆ្វេងឆ្លងកាត់ផ្លូវជាតិដោយមិនបានប្រុងប្រយ័ត្ន។ ភ្លាមៗនោះ ម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AX 2073 ដែលបើកបរដោយឈ្មោះ គង់ ចន្ធូ (ស្រី, ៣១ឆ្នាំ) រួមដំណើរជាមួយស្ត្រី ២នាក់ទៀតឈ្មោះ គិន សុខេង (៣៧ឆ្នាំ) និងឈ្មោះ គិន សារ៉ុម (៣០ឆ្នាំ) បានបុកចំចំហៀងផ្នែកខាងក្រោយរថយន្តយ៉ាងពេញទំហឹង។
គ្រោះថ្នាក់នេះបណ្ដាលឲ្យអ្នកបើកម៉ូតូឈ្មោះ គង់ ចន្ធូ ស្លាប់នៅនឹងកន្លែង។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករួមដំណើរទាំង ២នាក់រងរបួសធ្ងន់ (ក្នុងនោះម្នាក់បាក់ភ្លៅស្តាំ) ហើយត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
ម៉ូតូរងការខូចខាតធ្ងន់ ចំណែករថយន្តរងការខូចខាតស្រាល។ ក្រោយកើតហេតុ តៃកុងរថយន្តបានរត់គេចខ្លួនបាត់។ បច្ចុប្បន្ន សមត្ថកិច្ចបានយកមធ្យោបាយពាក់ព័ន្ធទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីច្បាប់ និងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនអ្នកបើកបររថយន្តដែលបានរត់គេចខ្លួន។ តាមការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្តបើកបរធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្ន។

