កណ្ដាល៖ កម្មកររោងចក្រម្នាក់បានបាត់បង់ជីវិតយ៉ាងគួរឲ្យសោកសៅ បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅមុខបន្ទប់ជួលរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែកញ្ញា ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក នៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។
យោងតាមការរៀបរាប់ពីអ្នកទទួលខុសត្រូវផ្ទះជួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉េប វាស្នា (ប្រុស, ៣៣ឆ្នាំ) ជាកម្មកររោងចក្រ។ នៅវេលាកើតហេតុ មានអ្នកស្នាក់នៅក្បែរនោះបានប្រាប់គាត់ថាជនរងគ្រោះបានឆក់ខ្សែភ្លើងស្លាប់បាត់ហើយ។ ពេលទៅមើល គាត់ក៏បានបិទកុងទ័រភ្លើង រួចរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានភ្លាមៗ។
ក្រោយទទួលបានព័ត៌មានពីលោកវរសេនីយ៍ត្រី ឡាយ ទូច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសៀមរាប កម្លាំងជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុ។ តាមការពិនិត្យសាកសពដោយគ្រូពេទ្យនិងជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី។ សាកសពមានសភាពរឹងទាំងស្រុង និងមានស្នាមដាច់រលាត់នៅលើម្រាមដៃខាងឆ្វេង។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

