បុរសម្នាក់ដែលតែងតែរករឿងឈ្លោះប្រកែកជាមួយអ្នកជិតខាង បានប្រើអំពើហិង្សាដោយគប់កាំបិតតាំងតោទៅលើម្តាយនិងកូនស្រីរងគ្រោះ តែមិនត្រូវ។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំឃាត់ខ្លួន កាលពីថ្ងៃទី១២ កញ្ញា ២០២៥ នៅភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សេង ដន (ប្រុស, ២៧ឆ្នាំ) រស់នៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះ ផាន់ ណារី (ស្រី, ៤២ឆ្នាំ) ដែលជាអ្នកលក់ត្រី។
លោកអធិការបានបន្តថា ជនសង្ស័យតែងតែរករឿងជេរប្រមាថ និងគំរាមកំហែងដល់ក្រុមគ្រួសារជនរងគ្រោះជាញឹកញាប់។ កាលពីថ្ងៃទី១១ កញ្ញា ជនសង្ស័យបានយកសាងដងឫស្សីមកដេញចាក់ជនរងគ្រោះ តែមិនត្រូវ។ លុះមកដល់ថ្ងៃទី១២ កញ្ញា ខណៈដែលជនរងគ្រោះនិងកូនស្រីកំពុងអង្គុយលេងមុខផ្ទះ ជនសង្ស័យបានយកកាំបិតតាំងតោមកគប់ទៅលើពួកគេ តែសំណាងល្អមិនត្រូវនោះទេ។ ឃើញសភាពការណ៍មិនស្រួល ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក។
ក្រោយការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់ខាងលើពិតប្រាកដមែន។ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន កាំបិតតាំងតោដងឈើ ១ និងសាងដងឫស្សី ១។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

