មនុស្ស ៤នាក់បានរងរបួស ក្នុងនោះ ២នាក់របួសធ្ងន់ និង ២នាក់របួសស្រាល នៅក្នុងហេតុការណ៍បុកគ្នារវាងម៉ូតូសណ្ដោងរ៉ឺម៉ក និងម៉ូតូមួយគ្រឿងទៀត នៅរសៀលថ្ងៃទី១២ កញ្ញា ២០២៥។ ឧប្បត្តិហេតុនេះបានកើតឡើងនៅលើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ករណីនេះបង្កឡើងដោយម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាក Honda Dream គ្មានស្លាកលេខ បើកបរដោយឈ្មោះ លន ពិសិដ្ឋ (ប្រុស, ២៨ឆ្នាំ) និងមានប្រពន្ធរួមដំណើរពីក្រោយឈ្មោះ ផល លក្ខិណា (ស្រី, ៣១ឆ្នាំ)។ ម៉ូតូនេះបានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាក Honda Dream ពាក់ផ្លាកលេខ សៀមរាប 1AT-9330 បើកបរដោយឈ្មោះ ហ៊ន់ ហឿង (ប្រុស, ២០ឆ្នាំ) និងមានអ្នករួមដំណើរជាមួយឈ្មោះ ជី មករា (ប្រុស, ២០ឆ្នាំ)។
លោកអធិការបានបន្តថា ម៉ូតូសណ្ដោងរ៉ឺម៉កបានធ្វើដំណើរពីទិសខាងជើងទៅត្បូង រីឯម៉ូតូម្ខាងទៀតបានធ្វើដំណើរពីត្បូងទៅជើង។ តាមការសន្និដ្ឋានបឋម គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក បើកបរចូលចំណែកផ្លូវរបស់យានមួយគ្រឿងទៀតដែលធ្វើដំណើរផ្ទុយទិសគ្នា។
ក្នុងហេតុការណ៍នេះ ជនរងគ្រោះឈ្មោះ ផល លក្ខិណា និងឈ្មោះ ហ៊ន់ ហឿង បានរងរបួសធ្ងន់ ចំណែកឈ្មោះ លន ពិសិដ្ឋ និងឈ្មោះ ជី មករា បានរងរបួសស្រាល។ ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេងគ្នា។ ចំពោះមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

