ករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើងទៅលើយុវជនម្នាក់ បន្ទាប់ពីក្រុមជនសង្ស័យមួយក្រុមមានគ្នាចំនួន ៥នាក់ បានធ្វើសកម្មភាពយកដាវចាក់និងដេញកាប់រហូតដល់ជនរងគ្រោះធ្លាក់ពីលើម៉ូតូស្លាប់បាត់បង់ជីវិត។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី២២ កញ្ញា ២០២៥ នៅលើផ្លូវបេតុងមុខផ្ទះជនសង្ស័យក្នុងភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អៀន ម៉េងហួរ (ប្រុស, ១៧ឆ្នាំ) មុខរបរធ្វើសំណង់។ ចំណែកជនសង្ស័យមានចំនួន ៥នាក់ ក្នុងនោះឃាត់ខ្លួនបាន ២នាក់ ឈ្មោះ ភា ប៉ាក់នូ (ប្រុស, ២៤ឆ្នាំ) និងឈ្មោះ ឈឿន បញ្ញា (ហៅណយ) (ប្រុស, ១៧ឆ្នាំ) ដែលសុទ្ធតែមានសារធាតុញៀនក្នុងខ្លួន។ រីឯជនសង្ស័យ ៣នាក់ទៀតកំពុងរត់គេចខ្លួនរួមមានឈ្មោះ ទូច ភារៈ (ហៅទយ) (ប្រុស, ១៧ឆ្នាំ) ដែលជាជនដៃដល់យកដាវចាក់ជនរងគ្រោះ, ឈ្មោះ ហេង ស៊ូលី (ហៅលី) (ប្រុស, ២២ឆ្នាំ) និងឈ្មោះ វ៉ាត ព្រហ្ម (ប្រុស, ១៦ឆ្នាំ)។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភ័ក្តិ ៧នាក់បានបបួលគ្នាទៅហូបចុកនៅវត្តភ្នំប្រសិទ្ធ។ ក្រោយហូបចុកហើយ ពួកគេបានជិះម៉ូតូចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។ ជនរងគ្រោះនិងមិត្តភក្តិម្នាក់ទៀតឈ្មោះ សាត ដេវិត (ប្រុស, ១៨ឆ្នាំ) បានជិះម៉ូតូឌុបគ្នាចុះពីលើភ្នំមកវិញ។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវក្រុមជនសង្ស័យឈរចាំស្ទាក់ផ្លូវ ហើយបានធ្វើសកម្មភាពយកដាវចាក់ទៅលើជនរងគ្រោះចំក្រោមឆ្អឹងដងកាំបិតបណ្ដាលឲ្យធ្លាយពីមុខទៅក្រោយ ហើយដាវបានជាប់នឹងខ្លួនជនរងគ្រោះ។ ពេលនោះ មិត្តភក្តិជនរងគ្រោះមិនបានឈប់ម៉ូតូឡើយ ក៏នៅបន្តបើកចូលដល់ចំណុចភូមិព្រៃពង្រ ជនរងគ្រោះក៏បានធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗ ហើយមិត្តភក្តិជនរងគ្រោះក៏បានផ្តួលម៉ូតូចោលតែម្តង។ ភ្លាមនោះ ជនសង្ស័យ និងបក្ខពួកបានជិះម៉ូតូតាមមកពីក្រោយ ហើយបានចុះដកដាវចេញពីសពជនរងគ្រោះ រួចធ្វើសកម្មភាពដេញកាប់មិត្តភក្តិជនរងគ្រោះទៀត តែត្រូវបានរត់គេចរួច ហើយស្រែកឆោឡោឲ្យគេជួយ។ ពេលនោះ ក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនអស់បាត់ទៅ។
ក្រោយហេតុការណ៍ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានសហការជាមួយកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចុះដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវតាមរកជនសង្ស័យ។ ក្នុងពេលពិនិត្យសាកសព សមត្ថកិច្ចបានរកឃើញថា សាកសពមានស្លាកស្នាមដាច់រលាត់ធំនៅលើស្មាខាងស្ដាំ និងស្នាមមុតផុងចូលក្នុងនៅខ្នងខាងឆ្វេងក្រោមក្លៀក។ សពក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកអធិការបានឲ្យដឹងទៀតថា លុះដល់ថ្ងៃទី២៣ កញ្ញា ២០២៥ កម្លាំងជំនាញបានស្រាវជ្រាវនិងកំណត់មុខសញ្ញាជនសង្ស័យបាន ហើយបានបន្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្សេមក្សាន្ត ខេត្តកំពង់ស្ពឺ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ធំ ខេត្តកណ្ដាល ធ្វើការឃាត់ខ្លួនសង្ស័យបាន ២នាក់។ វត្ថុតាងដែលដកហូតបានរួមមាន ម៉ូតូ Nex របស់មិត្តភក្តិជនរងគ្រោះ ១គ្រឿង, ទូរសព្ទ ២គ្រឿង, ចបកាប់ដងឈើ ១ និងដំបងឈើ ១។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ រីឯកម្លាំងជំនាញកំពុងបន្តតាមចាប់ជនដៃដល់ដែលកំពុងរត់គេចខ្លួន៕

