ក្មេងទំនើង ២នាក់ ដែលសកម្មក្នុងការលួចដែកសម្រាប់ធ្វើសំណង់ និងសំលៀកបំពាក់របស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួនបាន។ ជនសង្ស័យទាំងពីរនាក់នេះ តែងតែធ្វើសកម្មភាពលួចដោយជិះកង់នៅតាមមូលដ្ឋានមួយចំនួននៃក្រុងតាខ្មៅ។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៣ កញ្ញា ២០២៥។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់មានឈ្មោះ នង សុភ័ណ្ឌ (ហៅហួច) (ប្រុស, ១៨ឆ្នាំ) រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន និងឈ្មោះ ពៅ រ៉ាវុទ្ធ (ប្រុស, ៣០ឆ្នាំ) រស់នៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី។ ជនសង្ស័យទាំងពីរនាក់នេះមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+).
លោកអធិការបានបន្តថា ការឃាត់ខ្លួននេះធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យដែលបានលួចដែកនិងសំលៀកបំពាក់នៅតាមផ្ទះរបស់ប្រជាពលរដ្ឋក្នុងសង្កាត់តាខ្មៅ និងសង្កាត់ស្វាយរលំ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

