បុគ្គលិកក្រុមហ៊ុនឯកជនម្នាក់បានរងរបួសធ្ងន់ និងសន្លប់បាត់ស្មារតីនៅក្នុងហេតុការណ៍បុកគ្នារវាងរថយន្ត និងម៉ូតូ។ ឧប្បត្តិហេតុនេះបណ្ដាលមកពីកង់រថយន្តបែក រេចង្កូតទៅបុកជាមួយម៉ូតូដែលធ្វើដំណើរផ្ទុយទិសគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៥ កញ្ញា ២០២៥ នៅលើផ្លូវជាតិលេខ២១ ក្នុងភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៥៣នាទី។ ជនរងគ្រោះមានឈ្មោះ ឆាយ ស៊ីម (ប្រុស, ២៩ឆ្នាំ) មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនអគ្គិសនី។ រីឯអ្នកបើកបររថយន្តបង្កមានឈ្មោះ ហែ តូហ័រ (ប្រុស, ១៩ឆ្នាំ) ដែលមានអ្នករួមដំណើរជាជនជាតិចិនម្នាក់។
លោកអធិការបានបន្តថា រថយន្តម៉ាក Toyota Land Cruiser ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-0880 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង។ ពេលមកដល់ចំណុចកើតហេតុ កង់មុខខាងស្ដាំបានបែក រេចង្កូតទៅបុកម៉ូតូ Honda Scoopy ដែលបើកបរដោយជនរងគ្រោះក្នុងទិសដៅផ្ទុយគ្នា។
គ្រោះថ្នាក់នេះបណ្ដាលឲ្យជនរងគ្រោះរងរបួសរលាត់ក និងសន្លប់បាត់ស្មារតី ហើយត្រូវបានអ្នកនៅក្បែរកន្លែងកើតហេតុជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសែនស្រុកកោះធំ។ ក្រោយមក ភាគីទាំងពីរបានសំណូមពរសមត្ថកិច្ចធ្វើការសម្របសម្រួលគ្នា។ ប៉ុន្តែការជជែកមិនត្រូវរូវគ្នា ប្អូនថ្លៃរបស់ជនរងគ្រោះឈ្មោះ យឿន ផល្លា (ប្រុស, ៣៥ឆ្នាំ) ក៏បានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្តដើម្បីចាត់ការតាមនីតិវិធីតែម្ដង។ ចំពោះមធ្យោបាយពាក់ព័ន្ធ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ៕

