កម្លាំងគយចល័តសហការជាមួយសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន ៩កន្លែង ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ កញ្ញា ២០២៥ ដោយបានរកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន ១៥១គ្រឿង។
ប្រភពព័ត៌មានបានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស និងក្រោមការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ប្រភពដដែលបានបញ្ជាក់ទៀតថា មុននឹងឈានដល់ការបង្ក្រាបទីតាំងលក់ម៉ូតូទាំង ៩កន្លែងនេះ កម្លាំងគយបានស្រាវជ្រាវតាមរយៈការឃាត់រថយន្តរបស់ក្រុមហ៊ុន «វីរៈ ប៊ុនថាំ» ដែលបានលួចដឹកម៉ូតូគេចពន្ធចេញពីទីតាំងខាងលើ ហើយយកមកភ្នំពេញ។ លើសពីនេះ ក្រុមអ្នករកស៊ីក៏បានលួចដឹកម៉ូតូគេចពន្ធតាមរយៈរថយន្តដឹកអ្នកដំណើរផងដែរ ដែលត្រូវបានមន្ត្រីគយឃាត់ខ្លួន។ ពេលសួរនាំ អ្នកបើកបរបានឆ្លើយសារភាពថា ខ្លួនបានដឹកចេញពីទីតាំងលក់ម៉ូតូទាំងនោះពិតប្រាកដមែន។
បច្ចុប្បន្ន ម៉ូតូគេចពន្ធទាំងអស់ត្រូវបានដកហូតដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ FN

