បុរសម្នាក់ដែលតែងតែប្រើអំពើហិង្សាចំពោះប្រពន្ធកូននៅពេលស្រវឹង ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួនបានហើយ។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី២៩ កញ្ញា ២០២៥ ស្ថិតនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោកវរសេនីយ៍ត្រី បាំង មីនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជិន សារិត (ប្រុស, ៤២ឆ្នាំ) មុខរបរលក់ដូរ។ ចំណែកជនរងគ្រោះជាភរិយាមានឈ្មោះ ប៉ូ ចាន់ធឿន (ស្រី, ៤៣ឆ្នាំ) មុខរបរលក់ដូរដូចគ្នា។ ពួកគេទាំងពីរនាក់រស់នៅក្នុងភូមិឃុំកើតហេតុ។
លោកនាយប៉ុស្តិ៍បានបន្តថា តាមការបំភ្លឺរបស់ជនរងគ្រោះជាភរិយា បានឲ្យដឹងថា កន្លងមកជនសង្ស័យជាប្តីអោយតែផឹកស្រាស្រវឹងម្តងៗ តែងតែជេរប្រមាថ និងរករឿងប្រពន្ធកូន។ នៅថ្ងៃកើតហេតុនេះដែរ ជនសង្ស័យបានបើកម៉ូតូសណ្តោងរ៉ឺម៉កមកដល់ផ្ទះទាំងស្រវឹង ហើយបានស្រែកឲ្យកូនបើកទ្វាររបង។ ពេលកូនបើកយូរ បុរសជាឪពុកក៏ខឹង ហើយបានបើកម៉ូតូទៅបុកទ្វាររោងដាក់រថយន្ត បន្ទាប់មកធាក់ទ្វារកញ្ចក់ផ្ទះបណ្ដាលឲ្យបែកមួយផ្ទាំង។ មិនតែប៉ុណ្ណោះ ជនសង្ស័យថែមទាំងចាប់យកដែកជ្រុងប្រវែង ១,៣៥ស.ម. មកវាយប្រពន្ធទៀត តែត្រូវបានម្តាយចាប់ឃាត់ទាន់។
ដោយទ្រាំលែងបាននឹងទង្វើហិង្សារបស់ប្ដី ស្ត្រីរងគ្រោះជាភរិយាបានសម្រេចចិត្តដាក់ពាក្យប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់សំណាញ់ឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពធាក់ទ្វារកញ្ចក់បណ្ដាលឲ្យបែក និងបម្រុងវាយប្រពន្ធដោយដែកជ្រុងពិតប្រាកដមែន។ វត្ថុតាងដែលចាប់យកបានរួមមាន ដែកជ្រុងប្រវែង ១,៣៥ស.ម.។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

