អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងថវិការាប់ពាន់ដុល្លារ ត្រូវបានគេសន្និដ្ឋានថា បណ្តាលមកពីករណីទុស្សេខ្សែភ្លើង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី១២ តុលា ២០២៥ នៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលរងការខូចខាតទាំង ២ខ្នងនោះ គឺជារបស់ជនរងគ្រោះពីរនាក់៖ ទី១ ឈ្មោះ យឹម វណ្ណៈ (ប្រុស, ៦២ឆ្នាំ) និងទី២ ឈ្មោះ គឹម សាន (ប្រុស, ៤៧ឆ្នាំ) ដែលអ្នកទាំងពីរមានមុខរបរកសិករ និងលក់ដូរ រស់នៅក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ។
ប្រភពដដែលបានបន្តថា ផ្ទះទាំងពីរខ្នងមានទំហំ ៥ម x ៧ម ដែលជាផ្ទះឈើលើថ្មក្រោម ដំបូលប្រក់ស័ង្កសី។ ករណីឆាបឆេះនេះត្រូវបានគេសន្និដ្ឋានថា បណ្តាលមកពីការទុស្សេខ្សែភ្លើង ហើយបានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើន។
ចំពោះផ្ទះរបស់លោក យឹម វណ្ណៈ វិញ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងរួមមាន៖ ទូរទស្សន៍ ៤គ្រឿង, ទូរទឹកកក ២គ្រឿង, កង់ ៣គ្រឿង, សម្លៀកបំពាក់មួយចំនួនធំ, ក្រវិលលោហៈធាតុពណ៌លឿងទុំ ទម្ងន់ ១ជី, ពូក ១ និងម៉ាស៊ីនត្រជាក់ ១គ្រឿង ព្រមទាំងថវិកាខ្មែរចំនួន ៨០០.០០០រៀល (ប៉ែតសិបម៉ឺនរៀល) និងលុយដុល្លារ ១.០០០$ (មួយពាន់ដុល្លារអាមេរិក)។ ចំណែកផ្ទះរបស់លោក គឹម សាន ក៏បានខូចខាតទាំងស្រុងផងដែរ រួមមាន៖ គ្រែ ២គ្រឿង, ពូក ២, ទូ ២គ្រឿង, ទូរទឹកកក ១គ្រឿង, សម្លៀកបំពាក់មួយចំនួន, តុ ១ និងកង់អាគុយ ១គ្រឿង ព្រមទាំងថវិកាចំនួន ៣.០០០.០០០រៀល (បីលានរៀល)។
បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានសហការគ្នាភ្លាមៗ ដោយមានការដឹកនាំដោយផ្ទាល់ពីលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យពីអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ ភ្លាមនោះ រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ត្រូវបានប្រើប្រាស់ដើម្បីអន្តរាគមន៍បាញ់ពន្លត់រហូតរលត់ជាស្ថាពរ ១០០% មិនបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យ និងវាយតម្លៃអំពីការខូចខាត និងជួយសម្របសម្រួលដល់ជនរងគ្រោះបន្តទៀត៕

