គួរឲ្យសង្វេគជាពន់ពេក! ក្មេងស្រីម្នាក់បានលង់ទឹកស្លាប់ក្នុងប្រឡាយមួយកន្លែងដែលមានជម្រៅជ្រៅ ខណៈដែលរូបនាងបានទៅរកកណ្តុរជាមួយម្តាយ និងអ៊ុំប្រុស ដើម្បីយកមកធ្វើម្ហូប។ ហេតុការណ៍សោកសៅនេះបានកើតឡើងនៅវេលាម៉ោង ១៣:៤០នាទី រសៀលថ្ងៃទី១២ តុលា ២០២៥ នៅត្រង់ចំណុចប្រឡាយគោកអំពល ក្នុងភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បញ្ញា ថាវរី (ស្រី, ៥ឆ្នាំ) ជាសិស្សសាលា រស់នៅជាមួយឪពុកម្តាយក្នុងភូមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ ឪពុករបស់ក្មេងស្រីរងគ្រោះមានឈ្មោះ គ្រុយ បញ្ញា (ប្រុស, ២៦ឆ្នាំ) និងម្ដាយឈ្មោះ ចាន់ ចិន្តា (ស្រី, ២៤ឆ្នាំ)។
ប្រភពសមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានដើរទៅរកកណ្តុរជាមួយនឹងម្តាយ និងអ៊ុំរបស់នាងឈ្មោះ ចាន់ សុជាតិ (ប្រុស, ៣២ឆ្នាំ) ដែលមានបំណងយកកណ្តុរមកធ្វើម្ហូប។ ពេលកំពុងដើររក ជនរងគ្រោះបានរអិលជើងធ្លាក់ចូលទៅក្នុងប្រឡាយគោកអំពលដែលមានជម្រៅប្រហែល ៣ម៉ែត្របាត់ខ្លួនតែម្តង។ ពេលនោះ ទាំងម្តាយ និងអ៊ុំរបស់កុមារី បានព្យាយាមមុជទឹករាវរក ប៉ុន្តែដោយសារទឹកជ្រៅពេក ពួកគេរកមិនឃើញឡើយ។ ក្រោយមក ម្តាយរបស់ជនរងគ្រោះក៏បានត្រឡប់មកផ្ទះវិញ ដើម្បីហៅបងប្អូនឲ្យទៅជួយមុជរាវរក។ រហូតដល់វេលាម៉ោង ១៥:០០នាទី ទើបក្រុមគ្រួសាររកឃើញក្មេងស្រីរងគ្រោះ តែរូបនាងបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។
បច្ចុប្បន្ន សពរបស់ក្មេងស្រីឈ្មោះ បញ្ញា ថាវរី ត្រូវបានអាណាព្យាបាលយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ៕

