អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើផ្ទះមួយកន្លែងដែលជាទីតាំងកែច្នៃកាំជ្រួច និងស្តុកសម្ភារៈមេនសម្រាប់ជួល បណ្តាលឲ្យក្មេងកម្មករ ២នាក់រងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍ដ៏គួរឲ្យអាណិតនេះបានកើតឡើងនៅវេលាម៉ោង ១៥:១០នាទី ថ្ងៃទី០១ ធ្នូ ២០២៥ នៅចំណុចភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឌុក វណ្ណារ៉ា (ប្រុស, ៤៥ឆ្នាំ)។ ទីតាំងនេះត្រូវបានបញ្ជាក់ថា ពុំមានច្បាប់អនុញ្ញាតអាជីវកម្មនោះទេ និងទើបតែ បើកអាជីវកម្មប្រហែល ១៥ថ្ងៃមកហើយ។ ជនរងគ្រោះមាន ២នាក់គឺ៖ ឈ្មោះ សាញ់ សេត (ប្រុស, ១៥ឆ្នាំ) មុខរបរកម្មករមេន (រងរបួសធ្ងន់ – រលាកភ្លើងពេញខ្លួនប្រាណ) និងឈ្មោះ ចាន់រ៉ា មករា (ប្រុស, ១៤ឆ្នាំ) ហៅ ខ្មៅ មុខរបរកម្មករមេន (របួសស្រាល)។
លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់កំពុងតែចងរុំកាំជ្រួចសម្រាប់ទុកដុតពេលបូជាសព ស្រាប់តែមានភ្លើងឆាបឆេះចេញពីដំបូលស័ង្កសីខាងលើ រាលដាលឆាបដល់កាំជ្រួចដែលរុំហើយកំពុងទុកនៅខាងក្រោម បណ្តាលឲ្យផ្ទុះឆេះរាលដាលដល់ក្នុងផ្ទះតែម្តង។ អគ្គិភ័យបានរលត់ ១០០% នៅវេលាម៉ោង ១៥:២៥នាទី នាថ្ងៃដដែល។
សមត្ថកិច្ចបានដាក់សេចក្តីសន្និដ្ឋានថា តាមការបំភ្លឺរបស់ឈ្មោះ ចាន់រ៉ា មករា ដែលជាអ្នកធ្វើកាំជ្រួចនៅទីតាំងខាងលើ គឺភ្លើងឆេះបណ្តាលមកពីពេលកំពុងរុំកាំជ្រួច មេឃក្តៅខ្លាំង ហើយ ដំបូលស័ង្កសីទើបបណ្ដាលឲ្យមានភ្លើងឆាបឆេះដល់កាំជ្រួចដែលរុំហើយកំពុងទុកលើគ្រែតែម្តង។ ការខូចខាតរួមមាន៖ ផ្ទះទំហំ ៩ម៉ែត្រ x ៨ម៉ែត្រ (ជញ្ជាំងថ្ម ប្រក់ស័ង្កសី) ខូចខាតប្រហែល ៤០% និង ខោអាវឆេះប្រហែល ៥០%, ផ្ទះទំហំ ៦ម៉ែត្រ x ៦ម៉ែត្រ (ជញ្ជាំងថ្ម ប្រក់ស៊ីប្រូស៊ីម៉ង់) ខូចខាតពិដានខាងលើប្រហែល ១០%។ ចំពោះកាំជ្រួចដែលស្តុកទុកត្រូវបានឆេះខូចខាតប្រហែល ៥០០ដើម។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់កិច្ចសន្យាចំពោះម្ចាស់ផ្ទះដើម្បីបញ្ឈប់ការកែច្នៃ ធ្វើកាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗ ចាប់ពីពេលនេះតទៅ។ សមត្ថកិច្ចក៏បានដកហូតសម្ភារៈមួយចំនួន រួមមាន ដងកាំជ្រួចធ្វើពីឈើឫស្សីមួយបាច់ និងក្រដាសរុំរំសេវមួយដុំ។ ចំពោះអ្នករងរបួសទាំង ២នាក់ ត្រូវបានបញ្ជូនទៅព្យាបាល៕


