ជនសង្ស័យជាជនជាតិចិន និងខ្មែរចំនួន ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពហែកឯកសាររបស់តុលាការ និងលួចដឹកដែកចេញពីរោងចក្រដែលកំពុងជាប់បម្រាមរក្សាការពារ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣ ធ្នូ ២០២៥ វេលាម៉ោង ៨ព្រឹក នៅចំណុចក្រុមហ៊ុនដែកហុងវ័ង ស្ថិតក្នុងភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង ៣នាក់រួមមានទី១ ឈ្មោះ LIU HONGWEI (ប្រុស, ២៨ឆ្នាំ) ជនជាតិចិន ជាអ្នកគ្រប់គ្រង, ទី២ ឈ្មោះ ប៉ាក វ៉ាន់នេត្រា (ប្រុស, ៣៥ឆ្នាំ) ជនជាតិខ្មែរ ជាអ្នកបើកបរ និងទី៣ ឈ្មោះ ស៊ឹម ទី (ប្រុស, ៣៥ឆ្នាំ) ជនជាតិខ្មែរ ជាអ្នកបើកបរ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ LOU XIAOPING (ប្រុស, ៥៤ឆ្នាំ) ជនជាតិចិន បានរត់គេចខ្លួនបាត់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានរថយន្ដកុងតឺន័រចំនួន ២គ្រឿង (មួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-4868 និងមួយគ្រឿងទៀតម៉ាក Hyundai ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ 3G-8606), ដុំដែកស័ង្កសីចំនួន ១០ដុំធំ និងទូរស័ព្ទដៃចំនួន ៣គ្រឿង។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ TAN FEIHONG (ស្រី, ៤៧ឆ្នាំ) ដែលជាថៅកែរោងចក្រ កំពុងនៅខេត្តកំពង់ស្ពឺ ក៏ទទួលបានដំណឹងពីកម្មករថាមានរថយន្តកុងតឺន័រចំនួន ៥គ្រឿងបានចូលមកដឹកទំនិញចេញពីឃ្លាំងរោងចក្រហុងវ័ង ដែលកំពុងស្ថិតក្រោមការរក្សាការពាររបស់តុលាការ ព្រមទាំងបានហែកឯកសារដីកាដែលបិទនៅជញ្ជាំងចោលទៀតផង។ ភ្លាមនោះជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច និងធ្វើដំណើរមកកន្លែងកើតហេតុ ក៏ឃើញរថយន្ត ២គ្រឿងដឹកឥវ៉ាន់ចេញ និង ២គ្រឿងទៀតកំពុងស្ទូចឥវ៉ាន់ដាក់ ទើបកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពើក ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងមកសាកសួរតែម្តង។
លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ LIU HONGWEI និងបក្ខពួកដែលគេចខ្លួន ពិតជាបានហៅរថយន្ដមកដឹកដែកចេញចំនួន ១០ដុំពិតមែន ចំណែកតៃកុងរថយន្តទាំងពីរនាក់បានសារភាពថាខ្លួនគ្រាន់តែស៊ីឈ្នួលដឹកឲ្យគេប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

