ជនសង្ស័យម្នាក់ដែលជំនាញខាងផ្លោះរបងចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូល ស្រាវជ្រាវឃាត់ខ្លួនបានហើយ បន្ទាប់ពីធ្វើសកម្មភាពចូលលួចសម្ភារៈផ្ទះបាយ និងប្រហុករបស់ជនរងគ្រោះ រួចរត់គេចខ្លួនបានប៉ុន្មានថ្ងៃ។
លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១ មករា ២០២៦ ពាក់ព័ន្ធករណីលួច (ផ្លោះរបង) ដែលបានកើតឡើងកាលពីថ្ងៃទី២៥ ធ្នូ ២០២៥ វេលាម៉ោង ១៤:០០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។ លោកអធិការ បានបន្តថា ជនរងគ្រោះឈ្មោះ រាម ឈុនលាង (ប្រុស, ៤៨ឆ្នាំ) មុខរបរលក់ដូរ។ ចំណែកជនសង្ស័យឈ្មោះ ណាត នីហៅឆាង (ប្រុស, ២២ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការ បានបញ្ជាក់ទៀតថា កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពផ្លោះរបងចូលលួចសម្ភារៈផ្ទះជនរងគ្រោះចំនួន ២លើកមកហើយ។ នៅថ្ងៃកើតហេតុ ជនសង្ស័យបានផ្លោះរបងចូលលួចយកកង់ ១គ្រឿង, ឆ្នាំងចំហុយអគ្គិសនី ១, កង្ហារ ១គ្រឿង, ចង្រ្កានហ្គាស ២គ្រឿង និងប្រហុក ១០គីឡូក្រាម ដោយបោះចេញមកក្រៅរបង។ ពេលកំពុងប្រមូលច្រកបេ បម្រុងជិះកង់គេចខ្លួន ស្រាប់តែមានអ្នកឃើញស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុ។
លុះព្រឹកថ្ងៃទី២៦ ធ្នូ ២០២៥ ទើបជនរងគ្រោះមកមើលផ្ទះឃើញស្នាមផ្លោះរបង និងបាត់សម្ភារៈ ក៏រាយការណ៍ជូនសមត្ថកិច្ច។ ក្រោយស្រាវជ្រាវកំណត់មុខសញ្ញាបាន នៅថ្ងៃទី១ មករា ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងធ្វើតេស្តទឹកនោមឃើញលទ្ធផល វិជ្ជមាន (+)។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

