ប្រជាពលរដ្ឋបានរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើងថា ទីតាំងហាងលក់ម៉ូតូមួយកន្លែងឈ្មោះ «រ័ត្ន ចាន់ហេង» ដែលធ្លាប់ត្រូវបានរិះគន់រឿងដាក់លក់រំលោភលើចំណីផ្លូវសាធារណៈ និងត្រូវបានកែសម្រួលមួយរយៈខ្លីនោះ ពេលនេះបានចាប់ផ្តើមយកម៉ូតូមកដាក់តាំងលក់យ៉ាងអាណាធិបតេយ្យនៅលើខ្នងប្រឡាយលូ ដដែលវិញហើយ។
យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ទីតាំងអាជីវកម្មខាងលើនេះ ធ្លាប់ត្រូវបានសារព័ត៌មានចុះផ្សាយម្ដងរួចមកហើយ កាលពីថ្ងៃទី១ ធ្នូ ២០២៥ កន្លងទៅ ពាក់ព័ន្ធនឹងការយកផ្លូវសាធារណៈ និងខ្នងប្រឡាយលូ ធ្វើជាកម្មសិទ្ធិឯកជនសម្រាប់ដាក់តាំងលក់ម៉ូតូ រហូតមានការរៀបចំសណ្ដាប់ធ្នាប់បានល្អប្រសើរមួយរយៈ។ ប៉ុន្តែបច្ចុប្បន្ន ម្ចាស់ទីតាំងហាក់ដូចជាមិនខ្លាចញញើតនឹងច្បាប់ទម្លាប់សោះឡើយ ដោយបានត្រឡប់មកដាក់ឆត្រ និងតាំងម៉ូតូពេញខ្នងប្រឡាយលូសាធារណៈដដែល។
ជាក់ស្ដែងនៅថ្ងៃទី៤ មករា ២០២៦ នេះ គេសង្កេតឃើញថា ហាងលក់ម៉ូតូខាងលើបានដំឡើងតង់ពណ៌ក្រហមដែលមានសរសេរអក្សរ YYT SCOOTER និងតាំងម៉ូតូជាច្រើនគ្រឿងពេញលើចិញ្ចើមផ្លូវ និងគ្របដណ្តប់លើខ្នងប្រឡាយលូសាធារណៈ ដែលធ្វើឲ្យបាត់បង់សោភ័ណភាព និងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ ហាងលក់ម៉ូតូមួយនេះថែមទាំងបានយកម៉ូតូជាច្រើនគ្រឿងទៅដាក់តាំងនៅក្រោមស្ពានអាកាសចោមចៅ ដើម្បីថតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មលក់ម៉ូតូរបស់ខ្លួនបានយ៉ាងរលូន តាមបណ្ដាញសង្គមហ្វេសប៊ុក ថែមទៀតផង។
ជុំវិញភាពមិនរាងចាលនេះ ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលមហាជនតែងតែប្រសិទ្ធនាមថាជា «ញញួរប្រជាពលរដ្ឋ» មេត្តាជួយបញ្ចេញកណ្ដាប់ដៃដែក ចុះពិនិត្យនិងមានវិធានការក្តៅចំពោះទីតាំងនេះផង។ ប្រជាពលរដ្ឋមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំចុះរៀបចំសណ្ដាប់ធ្នាប់របស់ លោក ប៉ាង លីដា គឺតែងតែទទួលបានជោគជ័យ និងទទួលបានការសាទរពីមហាជន ដូច្នេះសូមលោកមេត្តាកុំមើលរំលងទីតាំងមួយនេះ ដើម្បីកុំឲ្យបុគ្គលមួយក្ដាប់តូច យកសម្បត្តិសាធារណៈធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀត៕

