តើចំណីផ្លូវសាធារណៈ ខ្នងប្រឡាយលូ និងទីតាំងក្រោមស្ពានអាកាស ក្លាយជាកម្មសិទ្ធិឯកជនតាំងពីពេលណាមក? នេះជាសំណួរដែលមហាជនកំពុងចោទសួរយ៉ាងក្តៅគគុក ទៅកាន់ទីតាំងហាងលក់ម៉ូតូឈ្មោះ «រ័ត្ន ចាន់ហេង» ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលហាក់ដូចជាកំពុងលេងសើចនឹងច្បាប់ និងផ្គើនយ៉ាងខ្លាំងទៅនឹងបទបញ្ជារបស់រដ្ឋបាលរាជធានីភ្នំពេញ។
ស្ងាត់បានមួយរយៈក្រោយការរិះគន់ ស្មានថាម្ចាស់អាជីវកម្មរូបនេះភ្ញាក់រលឹកចូលរួមគោរពសណ្ដាប់ធ្នាប់សង្គម ផ្ទុយទៅវិញ ការដកថយមួយជំហានកន្លងមក ហាក់គ្រាន់តែជាល្បិចពង្វាងភ្នែកសមត្ថកិច្ចប៉ុណ្ណោះ។ ជាក់ស្ដែងនៅថ្ងៃទី៤ មករា ២០២៦ នេះ ភាពអនាធិបតេយ្យបានត្រឡប់មកវិញហើយ ហើយលើកនេះកាន់តែធ្ងន់ធ្ងរជាងមុន។ ហាងមួយនេះបានដំឡើងតង់ពណ៌ក្រហម (មានសរសេរអក្សរ YYT SCOOTER) យកមកគ្របពីលើខ្នងប្រឡាយលូសាធារណៈដើម្បីតាំងលក់ម៉ូតូផ្ទាល់ខ្លួនយ៉ាងរលូន។ មិនតែប៉ុណ្ណោះ ថែមទាំងហ៊ានបំពានយកទីតាំង «ក្រោមស្ពានអាកាស» មកធ្វើជាកន្លែងតាំងម៉ូតូថតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងរំភើយ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈឡើយ។
ទង្វើនេះ គឺជាការដើរផ្ទុយទាំងស្រុងទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលកាលពីថ្ងៃទី២០ វិច្ឆិកា ២០២៥ កន្លងទៅថ្មីៗនេះ បានមានប្រសាសន៍សង្កត់ធ្ងន់ថា «យើងមិនអាចទុកឱ្យអាជីវករប៉ុន្មាននាក់ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់លាននាក់នោះទេ»។ ឯកឧត្តមបានបញ្ជាឲ្យរដ្ឋបាលខណ្ឌទាំង ១៤ ត្រូវអនុវត្តធម៌ក្ដៅចំពោះអ្នករំលោភយកទ្រូងផ្លូវ និងទីសាធារណៈ។ ចុះហេតុអ្វីបានជាហាង «រ័ត្ន ចាន់ហេង» នៅតែហ៊ានបំពាន? តើម្ចាស់ទីតាំងរូបនេះ អាងខ្នងបង្អែកអ្វី ឬមួយក៏គិតថាខ្លួននៅក្រៅរង្វង់នៃច្បាប់?
ក្នុងនាមប្រជាពលរដ្ឋដែលចង់ឃើញរាជធានីភ្នំពេញមានសណ្ដាប់ធ្នាប់ យើងមិនជឿថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បណ្ដោយឲ្យបុគ្គលម្នាក់នេះជាន់ឈ្លីផលប្រយោជន៍រួមនោះទេ។ ភ្នែករាប់ម៉ឺនគូរបស់ប្រជាពលរដ្ឋ កំពុងសម្លឹងមើលទៅ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ម្ចាស់រហស្សនាម «ញញួរប្រជាពលរដ្ឋ»។ នេះគឺជាពេលដែលញញួរត្រូវតែវាយឲ្យចំគោលដៅ និងជាពេលដែលកណ្ដាប់ដៃដែកត្រូវតែបញ្ចេញ ដើម្បីការពារសម្បត្តិសាធារណៈ។
ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា លោក ប៉ាង លីដា នឹងមិនទុកឲ្យហាងលក់ម៉ូតូឈ្មោះ «រ័ត្ន ចាន់ហេង» នេះ បន្តជា «បន្លាក្នុងភ្នែក» និងជាគំរូអាក្រក់នាំឲ្យអាជីវករផ្សេងទៀតធ្វើតាមនោះឡើយ។ ច្បាប់ត្រូវតែជាច្បាប់ ទីសាធារណៈគឺសម្រាប់ប្រជាពលរដ្ឋគ្រប់រូប មិនមែនសម្រាប់តែអាជីវករមួយក្ដាប់តូចនោះទេ៕

