តម្លៃស្រូវកំពុងតែធ្លាក់ចុះ ធ្វើឱ្យកសិករសម្រក់ទឹកភ្នែកមិនទាន់ទាំងស្ងួតផង ស្រាប់តែពេលនេះលេចឮដំណឹងថា កូនស្រីឧកញ៉ាដ៏ល្បីឈ្មោះមួយរូប ស្នើសុំបង្កើតកន្លែងយកភាស៊ីពីឡានដឹកស្រូវថែមទៀត។
គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋ និងក្រុមអាជីវករ លើកឡើងថា មិនខុសអ្វីពី ការបន្ថែមបន្ទុក និងការលំបាកយ៉ាងធ្ងន់ធ្ងរ ដល់ពួកគាត់នោះទេ។ តើវាជារឿងសមហេតុផលដែរឬទេ ទាំងដែលប្រជាជនកំពុងតែលំបាកបែបនេះ?
យោងតាមឯកសារដែលអង្គភាពសារព័ត៌មានយើងទទួលបាន បានបង្ហាញយ៉ាងច្បាស់អំពីគម្រោងស្នើសុំវិនិយោគសាងសង់ ចំណតរថយន្តកោះសំពៅ ដើម្បីធ្វើ អាជីវកម្មប្រមូលភាស៊ី និងលើកដាក់ទំនិញ ដែលមានទីតាំងស្ថិតនៅ ភូមិពោធិ៍ថ្មី (ហៅកោះស្កូ) ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។
បុគ្គលដែលនៅពីក្រោយគម្រោងដ៏មានឥទ្ធិពលមួយនេះ មានឈ្មោះថា មាស លក្ខណា។ បើតាមប្រភពពីក្រុមអាជីវករបានបង្ហើបឱ្យដឹងថា ស្ត្រីរូបនេះគឺជាកូនរបស់ឧកញ៉ាដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ដែលគេតែងហៅរហស្សនាមថា «ឧកញ៉ា គោ»។
នៅក្នុងឯកសារនោះ បានបង្ហាញថា គម្រោងនេះគ្រោងនឹងបោះទុនវិនិយោគប្រមាណជាង ៤៨ម៉ឺនដុល្លារអាមេរិក ដើម្បីគ្រប់គ្រង និងធ្វើអាជីវកម្មប្រមូលភាស៊ី និងលើកដាក់ទំនិញ រយៈពេលវែងរហូតដល់ទៅ ២៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦នេះតទៅ។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ការសន្យាបង់ចំណូលចូលទៅ រដ្ឋបាលខេត្ត គឺមានចំនួន ៥លានរៀល នៅក្នុងមួយឆ្នាំ។ រីឯការបង់ពន្ធដារជូនរដ្ឋវិញ គឺម្ចាស់គម្រោងសន្យាថា នឹងបង់ទៅតាមច្បាប់កំណត់។
ភ្លាមៗបន្ទាប់ពីដំណឹងនេះបានបែកធ្លាយ ក្រុមប្រជាកសិករ និងតំណាងក្រុមហ៊ុនទិញលក់ដឹកជញ្ជូនស្រូវអង្ករធំៗ ចំនួន ៩ក្រុមហ៊ុន បានមូលមតិគ្នាធ្វើ លិខិតផ្លូវការដាក់ទៅកាន់រដ្ឋបាលខេត្តព្រៃវែង ដើម្បីស្នើសុំ ជំទាស់ដាច់ខាត ចំពោះគម្រោងនេះ។
យោងតាមខ្លឹមសារក្នុងលិខិតជំទាស់នោះ ក្រុមអាជីវករ និងកសិករបានរៀបរាប់យ៉ាងលម្អិត ដោយស្នើសុំមិនឱ្យមានការបង្កើត ចំណតរថយន្តកោះសំពៅ ដើម្បីធ្វើ អាជីវកម្មប្រមូលភាស៊ី និងលើកដាក់ទំនិញ នៅទីតាំងស្នើសុំទាំង ៤ចំណុច រួមមាន៖ ទី១ នៅចំណុច ភូមិពោធិ៍ថ្មី (កោះស្កូ) និងទីតាំងឧបសម្ព័ន្ធចំនួន ៣កន្លែងទៀតគឺ ភូមិ៣ ភូមិ៤ និងចំណុចមុខព្រះ ក្នុងឃុំកោះសំពៅ ស្រុកពាមជរ។
ហេតុផលដែលពួកគេលើកឡើងក្នុងលិខិតគឺច្បាស់ណាស់៖ ប្រសិនបើមាន ចំណតរថយន្តកោះសំពៅ នៅទីតាំងទាំងនេះដែលតម្រូវឱ្យបង់លុយ នោះការចំណាយលើការដឹកជញ្ជូននឹងកើនឡើង។ នៅពេលដែលថ្លៃដឹកកើនឡើង ឈ្មួញមិនអាចទិញស្រូវថ្លៃបានទេ គឺមានតែទម្លាក់តម្លៃទិញស្រូវពីកសិករ ដើម្បីទូទាត់នឹងថ្លៃបង់ផ្លូវទាំងនេះ។ ដូច្នេះ អ្នកដែលរងគ្រោះចុងក្រោយគេ ហើយឈឺចាប់បំផុត គឺបងប្អូនកសិករយើងនេះឯង។
ដើម្បីឱ្យកាន់តែច្បាស់អំពីទុក្ខលំបាក និងការយល់ឃើញពិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ សូមលោកអ្នកនាងស្តាប់នូវកិច្ចសម្ភាសន៍រវាងក្រុមការងារយើង ជាមួយប្រជាពលរដ្ឋដូចតទៅ៖
ដូចដែលបងប្អូនបានស្តាប់ឮផ្ទាល់ត្រចៀកហើយថា ការបង្កើត ចំណតរថយន្តកោះសំពៅ ដើម្បីធ្វើ អាជីវកម្មប្រមូលភាស៊ី និងលើកដាក់ទំនិញ នេះឡើង ត្រូវបានប្រជាពលរដ្ឋមើលឃើញថា ហាក់ដូចជាការបន្ថែមទុក្ខជាន់លើទុក្ខ។
បច្ចុប្បន្ន រដ្ឋបាលខេត្តព្រៃវែង បានសម្រេចបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីចុះសិក្សាវាយតម្លៃលើគម្រោងនេះហើយ។ យើងសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរនឹងតម្កល់ផលប្រយោជន៍រាស្ត្រជាធំ ហើយនឹងមិនបណ្តោយឱ្យបុគ្គលមួយក្តាប់តូច មកធ្វើមានធ្វើបាននៅលើញើសឈាមរបស់កសិករក្នុងគ្រាដ៏លំបាកនេះឡើយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង រង់ចាំទទួលការបកស្រាយបំភ្លឺពីសំណាក់ម្ចាស់គម្រោងគឺ លោកស្រី មាស លក្ខណា ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ រៀងរាល់ម៉ោងធ្វើការ ៕