Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឆ្ងល់ណាស់! ដឹងថាមានម៉ុងដូនតាតាំងពីទសវត្សរ៍ទី៦០ ហេតុអ្វីមន្ទីរសុរិយោដីនៅតែចេញប្លង់រឹងក្ដោបយកទាំងស្រុង ដោយមិនកាត់ក្វៀលទុក?
    សន្តិសុខសង្គម

    ឆ្ងល់ណាស់! ដឹងថាមានម៉ុងដូនតាតាំងពីទសវត្សរ៍ទី៦០ ហេតុអ្វីមន្ទីរសុរិយោដីនៅតែចេញប្លង់រឹងក្ដោបយកទាំងស្រុង ដោយមិនកាត់ក្វៀលទុក?

    April 5, 202639 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    រឿងរ៉ាវចម្រូងចម្រាសដែលម្ចាស់ប្លង់រឹងធ្វើរបងក្ដោបយកម៉ុងដូនតានៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បានឈានដល់វគ្គថ្មីមួយទៀតហើយ។ ពេលនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺជាផ្លូវការជុំវិញប្រវត្តិដីនេះ ប៉ុន្តែការបំភ្លឺនេះ បែរជាធ្វើឱ្យសាធារណជនកាន់តែមានចម្ងល់ និងចោទជាសំណួរយ៉ាងធំទៅលើការអនុវត្តការងាររបស់មន្ត្រីជំនាញទៅវិញ។

    យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរសុរិយោដីខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងថា ទីតាំងដីវិវាទខាងលើមានម្ចាស់ឈ្មោះ ហ៊ី ណារិន និងប្រពន្ធឈ្មោះ ឈុន ជូ ដែលបានទិញពីឈ្មោះ ហូ សាឡាត់ តាមកិច្ចសន្យាលក់ផ្តាច់តាំងពីឆ្នាំ២០០៥។ លុះដល់ឆ្នាំ២០១២ ម្ចាស់ដីបានចូលរួមចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ហើយទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ទំហំ ១៩៨៧ម៉ែត្រការ៉េ។

    អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្នុងលិខិតបំភ្លឺដដែលនេះ មន្ទីរក៏បានទទួលស្គាល់យ៉ាងច្បាស់ផងដែរថា នៅលើទីតាំងដីនេះ ពិតជាមានម៉ុងមួយដែលបានសាងសង់តាំងពីទសវត្សរ៍ទី៦០ពិតប្រាកដមែន ដោយមានម្ចាស់ម៉ុងឈ្មោះ ឡា សុខវេង ដែលតែងតែមកសែនព្រេនជារៀងរាល់ឆ្នាំ មុននឹងត្រូវម្ចាស់ដីហាមឃាត់ និងធ្វើរបងបិទជិតនាពេលថ្មីៗនេះ។

    ចំណុចនេះហើយដែលធ្វើឱ្យមហាជនហួសចិត្ត និងចោទជាសំណួរយ៉ាងទទូចថា បើជំនាញសុរិយោដីចុះវាស់វែងដឹងយ៉ាងច្បាស់ថា មានម៉ុងកប់សពតាំងពីទសវត្សរ៍ទី៦០នៅទីនោះទៅហើយ ហេតុអ្វីនៅពេលចេញប្លង់រឹងនាឆ្នាំ២០១២ មិនធ្វើការកាត់ក្វៀលទីតាំងម៉ុង និងទុកផ្លូវចេញចូល (សិទ្ធិសេវភាព) សម្រាប់កូនចៅគេ? តើការវាស់វែងក្ដោបយកម៉ុងដូនតាអ្នកដទៃបញ្ចូលក្នុងប្លង់កម្មសិទ្ធិឯកជនទាំងស្រុងបែបនេះ ជាការធ្វេសប្រហែសរបស់មន្ត្រីជំនាញសុរិយោដី ឬមួយក៏មានភាពមិនប្រក្រតីណាមួយនៅពីក្រោយការចុះបញ្ជីនេះ?

    ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញការស្វែងរកដំណោះស្រាយ បន្ទាប់ពីការសម្របសម្រួលថ្នាក់ឃុំបរាជ័យដោយសារម្ចាស់ដីមិនចូលរួម លោកអភិបាលស្រុកស្អាងបានបញ្ជាក់ថា អាជ្ញាធរស្រុកនឹងចេញលិខិតអញ្ជើញគូភាគីទាំងសងខាង មកជួបមុខគ្នាដើម្បីធ្វើការសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទនេះ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

    អង្គភាពសារព័ត៌មាន The Real News យើងខ្ញុំ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលទ្ធផលនៃការសម្របសម្រួលនៅសាលាស្រុកស្អាង ដើម្បីរង់ចាំមើលថា តើអាជ្ញាធរនឹងមានចំណាត់ការយ៉ាងណាដើម្បីផ្តល់យុត្តិធម៌នៅក្នុងករណីដ៏កម្រនេះ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.